(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៧០រូប។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង-ស្រុកទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជឣាវុធហត្ថជាច្រើបានចូលរួម។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ទើបអង្គភាពចាត់ឲ្យមានពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺឡើងនាពេលនេះ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ដោយក្តីនឹករលឹកផងដែរ។

លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ថា «កម្លាំងទាំងអស់​ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតការជួញដូរ គ្រឿងញៀន និងក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​ ហើយត្រូវត្រៀមកម្លាំងចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង»

លោកមេបញ្ជាការបានកោតសរសើរកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងឣស់ ដែលកន្លងមកបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេង។

នាឱកាសនោះ លោកមេបញ្ជាការ ស្នើឱ្យកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ការពារជាតិ ការពារសាសនា និងព្រះមហាក្សត្រ ត្រូវរួមគ្នាការពារសន្តិភាព ត្រូវបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាព និងភាពរីកចម្រើនរុងរឿងបន្ថែមទៀត។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានផ្សព្វផ្សាយការជូនដំណឹងស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ចំពោះសិស្ស និស្សិត យុវជនទាំងអស់ជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ។

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ (ដោយឥតគិតប្រាក់) និងដាក់ពាក្យ សុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី/ខេត្តទាំង២៥ តាមអាស័យដ្ឋានដែលសាមីខ្លួនរស់នៅ រៀងរាល់ម៉ោងធ្វើការ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕