(ភ្នំពេញ)៖ មានការលើកឡើងថា និន្នាការ នៃការអានព័ត៌មានជាទម្រង់បោះពុម្ព ហាក់ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ប៉ុន្តែសម្រាប់ការយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថា ថ្វីដ្បិតតែនិន្នាការអានព័ត៌មានជាទម្រង់បោះពុម្ពហាក់ថមថយ ប៉ុន្តែតម្រូវការអានព័ត៌មានកាន់តែកើនឡើងជាគំហុក ហើយនិន្នាការនៃការអាន និងតាមដានព័ត៌មាននៅកម្ពុជាមិនមានធ្លាក់ចុះនោះទេ ហើយតម្រូវការព័ត៌មានកាន់ តែមានការកើនឡើង ជាលំដាប់ឥតឈប់ឈរ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ថ្វីដ្បិតតែ ការអានព័ត៌មានជាទម្រង់បោះពុម្ពមានការថមថយចុះ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ប៉ុន្តែតម្រូវការនៃការអាន និងតាមដានព័ត៌មាននៅកម្ពុជានៅតែមាន កំណើនជាលំដាប់ ដោយគ្រាន់តែមហាជន ពិសេសយុវជន មានទំនោរអាន និងតាមដានព័ត៌មាននៅលើឧបករណ៍អេឡិចត្រូនិក ដូចជា៖ ទូរសព្ទ ថេបប្ល៊ែត និងកុំព្យូទ័រជាដើម។

នៅក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបិទសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» កាលរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្បឿននៃការអានព័ត៌មាននេះ បច្ចុប្បន្ននេះ បើធៀបនឹងអតីតកាលបើទោះ ជាកាសែតបោះពុម្ពបានបិទ សារព័ត៌មានអាជីព ជាប្រពៃណីខ្លះបានបិទ ប៉ុន្តែការអានព័ត៌មាន តាមខ្ញុំគិតគុណនឹង១០ ពីមុនមកភ្ញាក់ឡើងទាល់តែទៅដល់ហាងកាហ្វេ គុយទាវទើបមានកាសែតអាន អីឡូវ​អត់ទេ គ្រាន់ដឹងភ្ញាក់ពីគេងអាចនឹងឃើញព័ត៌មានមួយហើយ»

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា តម្រូវការព័ត៌មាន គឺជារឿងចាំបាច់បំផុតសម្រាប់សង្គមមនុស្សបច្ចុប្បន្ននេះ។ ដូច្នេះការអានព័ត៌មាន គឺមានការកើនឡើងជាខ្លាំង ប៉ុន្តែគ្រាន់តែផ្លាស់ប្តូរពីរបៀបអានព័ត៌មាន តាមរយៈការមើលកាសែតបោះពុម្ព និងទស្សនាវដ្តី ងាកមកអានព័ត៌មានតាមបែបឌីជីថល ដែលមានល្បឿនលឿនប៉ុណ្ណោះ។ «តម្រូវការព័ត៌មាន គឺជាការចាំបាច់ អ្នកណាថាការអានព័ត៌មានថយចុះ គឺមិនត្រូវនោះទេ គឺកើនឡើង»

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ បានផ្តល់ជាការយល់ឃើញថា សម្រាប់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែពង្រឹងគុណភាពសំណេរព័ត៌មានរបស់ខ្លួនជាចាំបាច់។ ដូច្នេះ នៅដំណាក់កាលព័ត៌មានអាជីព មានការកើនឡើងនោះនឹងធ្វើឱ្យព័ត៌មានមិនមែនអាជីពមានការថយចុះនៅក្នុងសង្គមកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា៖ «យើងយល់ពីតម្រូវការព័ត៌មាន ស្ទើរតែមានតម្រូវការជាងកាហ្វេ ជាងអាហារទៅទៀត ពីព្រោះចាប់ផ្តើមឡើងមើលព័ត៌មាន មុនកាហ្វេទៅទៀត។ អ៊ឹចឹងបានខ្ញុំនិយាយថាឥទ្ធិពលព័ត៌មាន គឺខ្លាំងណាស់ ផ្សាយចេញតាមរយៈប្រព័ន្ធឌីជីថលនេះ គឺទៅដល់ដៃអ្នកអានភ្លាមក្នុង១នាទីយ៉ាងយូរ»

ទន្ទឹមនឹងនេះដែរ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះភាពជឿលឿននៃវិស័យឌីជីថល ជាពិសេសផ្នែកបញ្ញាសិប្បនិម្មិត (AI) ប្រសិនបើអ្នកបង្កើតមាតិកាផ្សេងៗ ដើម្បីបំពុលសង្គមនោះ នឹងធ្វើឱ្យសង្គមមានភាពចលាចលភ្លាមៗ។ ក្នុងន័យនេះ គឺទាមទារឱ្យអ្នកសារព័ត៌មានអាជីព និងអ្នកពាក់ព័ន្ធចូលរួមផ្សព្វផ្សាយព័ត៌មានពិតទាំងអស់គ្នា។

លោកបណ្ឌិតបានបន្ថែមថា៖ «យើងមិនអាចរត់គេចពីឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ទេ បើរត់គេច គឺមានតែរត់ចេញពីសម័យកាលនេះ ដូច្នេះហើយមនុស្សត្រូវចេះគ្រប់គ្រង និងទាញប្រយោជន៍ពី បច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត សម្រាប់ជីវភាពសង្គមប្រចាំថ្ងៃ»

ជាការឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងខ្លាំង នៃព័ត៌មានក្លែងក្លាយ នៅក្នុងទិដ្ឋភាពឌីជីថល និងបរិបទបញ្ញាសិប្បនិម្មិត, លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត បានធ្វើឱ្យការផលិត និងចែកចាយមាតិកាព័ត៌មាន និងដំណឹងផ្សេងៗ កាន់តែមានភាពងាយស្រួល និងលឿនរហ័ស ហើយព័ត៌មាននិងដំណឹងជាច្រើនដែលត្រូវបានបង្កើតឡើងដោយមជ្ឈដ្ឋាន និងភាគីនានានៅក្នុងចេតនាផ្សេងៗគ្នា ក៏លេចចេញជាបន្តបន្ទាប់ រួមទាំងព័ត៌មានក្លែងបន្លំ ព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រតិដ្ឋផងដែរ។

លោកបណ្ឌិត បានថ្លែងថា ឌីជីថល និងបញ្ញាសិប្បនិម្មិត ត្រូវបានបង្កើតដោយមនុស្ស ប៉ុន្តែនៅក្នុងករណីខ្លះ មនុស្សបែរជាមិនអាចគ្រប់គ្រងបានទៅវិញ ដែលនេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណា គ្រប់គ្រងឱ្យបាននូវប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិតទាំងនេះ ដើម្បីតម្រង់ទិសដៅនៃការប្រើប្រាស់ និងទាញយកជាប្រយោជន៍សម្រាប់ការរស់នៅ និងការអភិវឌ្ឍសង្គមជាតិ និងពិភពលោក។

លោកបណ្ឌិត បានគូសបញ្ជាក់ថា៖ «យើងមិនអាចរត់គេចពីឌីជីថល និងបញ្ញាសិប្បនិម្មិតទេ បើរត់គេច គឺមាន ន័យថា គេចចេញពីសម័យកាលនេះ ដូច្នេះហើយយើងត្រូវចេះគ្រប់គ្រងបង្កើនភាពធន់ និងទាញប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត សម្រាប់ជីវភាពសង្គមប្រចាំថ្ងៃ»

ទន្ទឹមនឹងនេះ លោកបណ្ឌិត យង់ ពៅ ក៏បានផ្ញើសារដល់សារព័ត៌មានវិជ្ជាជីវៈទាំងអស់ ត្រូវចាប់យកឱកាសនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងគុណភាព និងដំណើរការរបស់ខ្លួន ឱ្យបានលឿនរហ័ស និងដោយប្រសិទ្ធភាពពេញលេញ ដើម្បីចូលរួមចំណែកមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ឬព័ត៌មានមិនផ្លូវការនានាដែលគ្មានវិជ្ជាជីវៈ ឱ្យសាបរលាបទៅតាមពេលវេលា៕