(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា រួមជាលោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញជួបពិភាក្សាការងារថ្នាក់ដឹកនាំខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តសៀមរាប ដើម្បីឈ្វេងយល់អំពីតម្រូវការជាអាទិភាពលើវិស័យសុខាភិបាល វិស័យអប់រំ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក ម៉ម ប៊ុននាង និងលោក គីម ជុងណាម បាននាំយកអនុ-ស្សរណៈស្តីពីការផ្តល់ជំនួយមនុស្សធម៌ ដែលរួមមានៈ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំថវិកាចំនួន ៥លានដុល្លារ សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារ-ណៈរដ្ឋកូរ៉េ តាមរយៈព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តសៀមរាប ស្ថិតនៅសាលាខេត្ត នៃខេត្តទាំងបួន។

គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ព្រឹទ្ធសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា ជាមួយនឹងមូលនិធិចែករំលែក សង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ស្តីពីៈ«ការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា»។

អនុស្សរណៈយោគយល់គ្នានោះត្រូវបានចុះហត្ថលេខាដោយលោក ម៉ម ប៊ុននាង និងលោក គីម ជុងណាម ដោយស្ថិតក្រោមក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ដើម្បីបន្តផ្តល់ជំនួយមនុស្សធម៌ ដល់ព្រឹទ្ធសភាកម្ពុជា ជាលើកទី២ សម្រាប់អនុវត្តក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត (២០២៥-២០២៩)។

យោងតាមស្មារតីនៃអនុស្សារណៈនេះ មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នឹងផ្តល់ជំនួយមនុស្សធម៌ដល់រដ្ឋបាលខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដោយក្នុងមួយខេត្តៗទទួលបានជំនួយមនុស្សធម៌ គិតជាទឹកប្រាក់មានចំនួន ៥លានដុល្លារ ក្នុងរយៈពេល ៥(ប្រាំ)ឆ្នាំ សំដៅលើកកម្ពស់ជីវភាពរស់នៅ ការអប់រំ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាអោយកាន់តែប្រសើរឡើង។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ទាំងអស់នេះ គឺពិតជាបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយគុណភាព ជាពិសេសផ្នែកសុខភាព និងការអប់រំរបស់ប្រជាជនទាំងនៅទីក្រុង និងជនបទ។

ក្នុងឱកាសនោះ អភិបាលខេត្តទាំង៤ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ ការងារសង្គមកិច្ច សេដ្ឋកិច្ច ព្រមទាំងតម្រូវការជាអាទិភាពនានាក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលចាំបាច់ត្រូវការជួយឧបត្ថម្ភគាំទ្រពីសំណាក់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល។

លោក គីម ជុងណាម និងគណៈប្រតិភូ បានសន្យានឹងខិតខំរៀបចំនូវជំនួយមនុស្សធម៌ដែលឆ្លើយតបនឹងតម្រូវការចាំបាច់របស់មូលដ្ឋានខេត្តទាំង៤ និងផ្តល់ជូនអោយបានលឿន សំដៅលើកកម្ពស់ជីវភាព និងការរស់របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕