(ព្រះវិហារ)៖ លោក មាស សុភា ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំអំណោយរថយន្តសង្គ្រោះចំនួន១គ្រឿង ដែលជាអំណោយរបស់លោក និងភរិយា ប្រគល់ជូនមណ្ឌលសុខភាពរណសិរ្យ ស្ថិតក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី។

លោក មាស សុភា បានថ្លែងថា រថយន្តសង្គ្រោះដែលលោកនាំមកប្រគល់ជូនមណ្ឌលសុខភាពរណសិរ្យនាពេលនេះ គឺឆ្លើយតបនឹងការសន្យារបស់លោក ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព១ខ្នង ក្នុងមណ្ឌុលសុខភាពរណសិរ្យ ដែលលោក និងភរិយា បានសាងសង់ទុកជាចំណងដៃជូនប្រជាពលរដ្ឋឃុំរណសិរ្យ។

ឆ្លើយតបនឹងការសន្យានេះ ថ្ងៃនេះលោកបាននាំរថយន្តសង្គ្រោះ១គ្រឿង ដោយមានបំពាក់សម្ភារ បរិក្ខារួចជាស្រេច មកប្រគល់ជូនមណ្ឌលសុខភាពរណសិរ្យ ទុកសម្រាប់ប្រើប្រាស់ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋក្នុងឃុំរណសិរ្យ ពិសេសប្រជាពលរដ្ឋដែលមានជំងឺត្រូវបញ្ជូនសង្គ្រោះបន្ទាន់។ លោកបានថ្លែងណែនាំឱ្យជួយថែរក្សារថយន្តនេះ ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាល់ជ្រៅដល់លោក មាស សុភា និងភរិយា ដែលបាននាំអំណោយដ៏ថ្លៃថ្លា រថយន្តសង្ គ្រោះ១គ្រឿងជូនមណ្ឌលសុខភាពរណសិរ្យ បន្ថែមលើអគារសម្ភព ១ខ្នង ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពាក់កណ្តាលខែឧសភាកន្លងទៅ៕