(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្តអាប់អួរ ខ្យល់កន្រ្តាក់ម្តងៗ និងទឹករលកបោកបក់មធ្យម ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ខេត្តព្រះសីហនុអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ។ កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗ បង្គួរ និងទឹករលកយោលមធ្យម នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់ និងទឹករលកយោលបង្គួរ។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់។ កម្លាំង នគរបាលទេសចរណ៍ ,ចរាចរណ៍ផ្លូវទឹក និងការិយាល័យនគរបាលសុខាភិបាល រឹតបណ្តឹងគោលដៅ»។
បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣ ដល់១៨ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងនឹងចាប់ផ្តើមធ្លាក់ ជាមួយនឹងបរិមាណកើនឡើង ជាបន្តបន្ទាប់ពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ៕