(កែប)៖ នាយឧត្ដមសេនីយ៍​ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ នូវផែនការណ៍យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ស្តីពី​ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ជូនថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធ​ ឧត្តមអគ្គានុរក្សប្រធានពន្ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ស្វាគមន៍ ដោយគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនូវផែនការយុទ្ធសាស្ត្រ​នេះ ពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់ និងជំរុញលើកកម្ពស់ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ 

អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះលោកអភិបាលខេត្ត ប្តេជ្ញាចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះអោយទទួលបានជោគជ័យ។

លោកអភិបាលខេត្ត ក៏បានរំលេចឡើងនូវសមិទ្ធផលធំៗ​ ដែលខេត្តកែបសម្រេចបានជាបន្តបន្ទាប់ ពិសេសការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ មុន ក្នុងពេល និងក្រោយពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាសទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤​ កន្លងទៅថ្មីៗនេះ ក្រៅពីនេះ ខេត្តកែបសម្រេចបាននូវការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើវិញ្ញាសារទ្រីយ៉ាត្លុង និងព្រឹត្តិការណ៍បុណ្យសមុទ្រជាដើម ដែលធ្វើអោយខេត្តកែប កាន់តែទទួលបាននូវកំណើនភ្ញៀវទេសចរណ៍មកសម្រាកលំហែកាន់តែច្រើនឡើងថែមទៀត។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលខេត្តកែប​ សម្រេចបាននាពេលកន្លងមក។

នាយឧត្តមសេនីយ៍ បានបន្តថា ក្រសួងមហាផ្ទៃដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្ត តួនាទី ភារកិច្ច និងកាទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីធានាដល់ការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រកបដោយជោគជ័យ៕