(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម (MARD) បានធ្វើសេចក្តីប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថា ចំណូលនៃការនាំចេញបន្លែនិងផ្លែឈើប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនដល់២.៥ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ ដែលលើសពីការរកចំណូលបាន ពីការនាំចេញស្រូវអង្ករទៅទៀត។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាមក្រសួងខាងលើ ឧស្សាហកម្មបន្លែនិងផ្លែឈើ មានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ដោយរកចំណូលបានពី២៣៥លានដុល្លារអាមេរិកនៅឆ្នាំ២០០៥ រហូតដល់១.៨ពាន់លានដុល្លារ អាមេរិក នៅឆ្នាំ២០១៥ ខណៈនៅឆ្នាំ២០០៥ ទីផ្សារនាំចេញបន្លែនិងផ្លែឈើរបស់ប្រទេសវៀតណាម មានចំនួនតែ៣៦ប្រទេសប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងដល់ ៦០ប្រទេសនៅឆ្នាំ២០១៥។
អនុរដ្ឋមុន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh បានបង្កើនការ យកចិត្តទុកដាក់លើការនាំចេញស្រូវអង្ករអស់ជាច្រើនឆ្នាំ ប៉ុន្តែវាមិនសូវជាបានជោគជ័យប៉ុន្មានឡើយ ដោយនៅចន្លោះខែមករា-សីហាឆ្នាំ២០១៦នេះ ការនាំចេញស្រូវអង្ករវៀតណាមបានទទួលរង ការធ្លាក់ចុះក្នុងអត្រា ១៦.៦ ទៅ ១៣.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Doanh បាននិយាយថា ទន្ទឹមនឹងទីផ្សារពិភពលោកកំពុងតែពង្រីកតម្រូវការផ្លែឈើ ប្រទេសវៀតណាមគួរតែលើកកម្ពស់ការនាំចេញផលិតផលនេះនៅពេលអនាគត។
គួរបញ្ជាក់ថា តំបន់ដីសណ្តទន្លេមេគង្គតែឯងប៉ុណ្ណោះ នៅប្រទេសវៀតណាម បានរាប់រងនូវការបង្កបង្កើនផល ចំនួន៣.១៨លានតោន នៃបន្លែនិងផ្លែឈើប្រចាំឆ្នាំ សម្រាប់នាំចេញនិងសម្រាប់ប្រជាជនក្នុងស្រុក។ ម៉្យាងវិញទៀតផលិតផលផ្លែឈើដែលសំខាន់ៗ នៅប្រទេសវៀតណាមរួមមាន ផ្លែស្រកានាគ ផ្លែស្វាយ ផ្លែសាវម៉ៅ ផ្លែធុរេន ផ្លែក្រូច ផ្លែក្រូចថ្លុង ផ្លែទឹកដោះគោ និងផ្លែមៀន ជាដើម៕