(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ លោក ម៉ូហាមេដ អាប់ឌុល ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសបង់ក្លាដែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចំពោះការបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានរម្លឹកអំពីទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា នៅបង់ក្លាដែសកាលពីឆ្នាំ២០១៤ និងទស្សនកិច្ចផ្លូវការរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់កា្លដែសនៅកម្ពុជាកាលពីឆ្នាំ២០១៧ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោករដ្ឋមន្រ្តីការបរទេស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបង់ក្លាដែស។

បន្ថែមពីនោះ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តក្នុងតំបន់និងអន្តរជាតិ នាពេលបច្ចុប្បន្នទាំងនៅក្នុងតំបន់និងពិភពលោកផងដែរ៕