(សៀមរាប)៖ ស្ថាននីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់ ទំហំជាង៣ហិចតា នៅក្នុងភូមិសាស្រ្តនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» នៃខេត្តសៀមរាប អាចធានាការបណ្តុះកូនឈើ បាន៣លានដើម ក្នុង១ឆ្នាំ ដែលនេះជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ដូចនេះ ក្នុងឱកាសចុះពិនិត្យទីតាំង និងបង្ហាញប្លង់សាងសង់ នាទីតាំងនៃគម្រោងសាសង់នៅតំបន់ភ្នំគូលែន នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ស្ថានីយបណ្តុះកូនឈើដែលមានលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួន៥ រួមមាន ខេត្តសៀមរាប ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ និងចែកជូនពលរដ្ឋយកទៅដាំ តាមប្រភេទឈើនីមួយៗ ដូចជាការបណ្តុះកូនឈើតូចៗ ជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ យ៉ាងតិចជាងមួយលានដើមជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របបៃតង តាមគេហដ្ឋាន តាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសារធារណៈមួយចំនួន និងតាមសហគមន៍តំបន់ការពារធម្មជាតិ និងមានប្រភេទដើមឈើខ្លះ សម្រាប់ផ្គត់ផ្គង់ដល់ការដាំ នៅតាមទីក្រុងផងដែរ ដើម្បីបង្កើតសោភ័ណទីក្រុងស្អាត និងមានភាពបៃតង។

រដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់ នឹងទាក់ទាញឱ្យមានការគ្រប់គ្រងត្រឹមត្រូវ ការសិក្សាស្រាវជ្រាវ និងបង្កើតជាថ្នាលពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាន ហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតង បន្ថែមទៀតនៅក្នុងតំបន់»។

ជាមួយគ្នានេះ នៅតំបន់ស្ថានីយបណ្តុះកូនឈើភ្នំគូលែន, លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននិងកំពុងលើកទឹកចិត្តឱ្យមន្រ្តីឧទ្យានុរក្សបណ្តុះកូនត្នោតបន្ថែមទៀត ដែលបច្ចុប្បន្នគ្រាប់ត្នោតជាច្រើន ត្រូវបានផ្តល់ជូនពីសហគមន៍ ដើម្បីត្រៀមបណ្តុះចែកជូនប្រជាពលរដ្ឋដាំនៅឆ្នាំក្រោយៗទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោត ដាំនៅឆ្នាំក្រោយអាចបាន១លានដើម បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានគម្របព្រៃកើនឡើងជាង ៦០% នៅឆ្នាំ២០៥០៕