(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជួបថ្នាក់ដឹកនាំអង្គភាពមន្ទីរពេទ្យជាតិ ដើម្បីស្តាប់អំពីបច្ចុប្បន្នភាពការងារ និងបានផ្ដល់អនុសាសន៍ដល់នាយកមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ អំពីវិធីសាស្រ្តដឹកនាំ ទាំងការងារបច្ចេកទេសថែទាំព្យាបាល ក្រមសីលធម៌ និងកិច្ចការទំនាក់ទំនងជាមួយសារធារណជន សំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារនៃអង្គភាព ចៀសវាងរាល់បាតុភាពអសកម្មទាំងឡាយ។

កិច្ចជំនួបថ្នាក់ដឹកនាំអង្គភាពមន្ទីរពេទ្យជាតិខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសុខាភិបាល។

ការផ្ដល់អនុសាស៍ណែនាំដល់មន្ដ្រីក្រោមឱវាទ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី​ ឈាង រ៉ា គឺតែងតែធ្វើឡើងជាប្រចាំ តាមរូបភាពនៃការងារផ្សេងៗ ដើម្បីបង្កើនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរឡើង ជាពិសេសការបំពេញនូវភាពខ្វះខាតក្នុងដំណើរការការងារប្រចាំថ្ងៃ។

ជាពិសេសការផ្ដល់អនុសាសន៍ណែនាំខាងលើនេះ គឺសំដៅលើកកម្ពស់ក្នុងការពង្រឹងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ឱ្យកាន់តែមានប្រសិទ្ធភាព​ ស័ក្តសិទ្ធិភាព​ និងសមធម៌៕