(ភ្នំពេញ)៖ នៅទីបំផុតលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតគោរពសូមទោស សម្តេចធិបតី ហ៊ុន ម៉ាណែត និងទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល។

តាមរយៈលិខិតរបស់លោក ស៊ុន ចន្ធី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបាននៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឲ្យដឹងថា៖ «ខ្ញុំបាទ ស៊ុន ចន្ធី ពិតជាមានការសោកស្តាយ នូវមតិលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ២០នាក់​ នៅខេត្តអ៉ីបារ៉ាគិ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលបានធ្វើឲ្យប៉ះពាល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុន ចន្ធី បានបញ្ជាក់នៅក្នុងលិខិតទៀតថា «ខ្ញុំបាទពិតជាមានការសោកស្តាយ និងសូមទោសដោយសុចរិតចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូល នូវមតិលើកឡើងខុសឆ្គងដោយអចេតនា មកលើរាជរដ្ឋាភិបាលកម្ពុជា»។