(ត្រាត)៖ ភាគីកម្ពុជា ថៃ និងវៀតណាម បានឯកភាពគ្នានឹងសាកល្បងរៀបចំការដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកទៅវិញទៅមក ចាប់ពីខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដែលជារដូវមានភ្ញៀវបរទេសមកលេងច្រើន ដោយនេះជាលើកដំបូងហើយសម្រាប់វិស័យទេសចរណ៍កម្ពុជា ក្នុងការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកជាមួយប្រទេសក្បែរខាង។

ការឯកភាពគ្នានេះធ្វើឡើងក្នុងវេទិកាធុរកិច្ច CVTEC Trat Business Roadshow 2024 នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើកោះឆាង ខេត្តត្រាត ប្រទេសថៃ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជននៃប្រទេសទាំង៣ កម្ពុជា ថៃ និងវៀតណាម។ វេទិកានេះត្រូវបានរៀបចំដោយសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA)។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងតំណាងប្រតិភូភាគីកម្ពុជា បានឱ្យដឹងថា វេទិកាធុរកិច្ច CVETC នេះ ជាកិច្ចសហប្រតិបត្តិការថ្នាក់តំបន់មួយ ដែលសង្កត់ធ្ងន់ទៅលើការពិភាក្សាជំរុញវិស័យទេសចរណ៍ប្រទេសទាំង៣ ក្នុងនោះមានការលើកឡើងនូវបញ្ហាដែលត្រូវដោះស្រាយរួមគ្នា ការសម្រួលបែបបទអន្តោប្រវេសន៍ គយ កំពង់ផែ មធ្យោបាយដឹកជញ្ជូនផ្លូវទឹក ការភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់-អ្នកទិញជាដើម។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្នុងកិច្ចពិភាក្សានេះ ភាគីកម្ពុជា ថៃ និងវៀតណាម បានឯកភាពគ្នាថានឹងសាកល្បងរៀបចំការដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកទៅមក ពិសេសរវាងកម្ពុជានិងថៃ កម្ពុជានិងវៀតណាម គឺនៅខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជារដូវដែលភ្ញៀវបរទេសមកលេងច្រើន។ លោកថា គោលដៅរវាងកម្ពុជានិងថៃ គឺមានខេត្តត្រាត និងកោះសំខាន់ៗរបស់ខេត្តត្រាត ជាមួយគោលដៅនៃតំបន់សមុទ្រកម្ពុជា ដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប និងអាចតភ្ជាប់ទៅដល់កោះត្រល់ និងខេត្តកាម៉ៅ ភាគខាងត្បូងបំផុតនៃប្រទេសវៀតណាម។

លោក ឡុង ឌីម៉ង់ បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យខិតខំធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីឈានទៅរកការរៀបចំកញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរ បង្កើតឱ្យមានការធ្វើដំណើរតាមផ្លូវទឹកទៅវិញទៅមកឱ្យបាន ស្របតាមការឯកភាពគ្នាខាងលើនេះ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈវេទិកាធុរកិច្ចនៅថ្ងៃនេះ នឹងមានការវិវត្តជាវិជ្ជាមានសម្រាប់វិស័យទេសចរណ៍កម្ពុជា ពិសេសគឺការផ្លាស់ប្ដូរទេសចរជាមួយប្រទេសថៃ និងវៀតណាមតាមផ្លូវទឹកជាលើកដំបូង ដែលនឹងផ្ដល់បទពិសោធន៍ថ្មីសម្រាប់វិស័យឯកជន និងភ្ញៀវទេសចរទាំងឡាយ។

លោកប្រធានសមាគមបានបន្តថា អ្វីដែលត្រូវធ្វើបន្ត ក្រៅពីសេវាសាធារណៈ កម្ពុជាត្រូវបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងតំបន់សមុទ្រ ពីព្រោះរយៈពេល២ឆ្នាំមកនេះ ការផ្សព្វផ្សាយមានការធ្លាក់ចុះ ដូច្នេះនៅពេលការតភ្ជាប់នេះត្រូវបានធ្វើឡើងជាផ្លូវការ ហើយប្រសិនបើការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅតែតិចតួចបែបនេះទៀត នោះកម្ពុជានឹងខាតប្រយោជន៍ធំក្នុងកិច្ចសហប្រតិបត្តិការនេះ។

ជាក្ដីព្រួយបារម្ភរបស់លោក ធួន ស៊ីណាន គឺតម្លៃសេវាកម្មនៅក្រុងព្រះសីហនុមានការឡើងថ្លៃ រាប់ទាំងសេវាស្នាក់នៅ ម្ហូបអាហារ គឺថ្លៃជាងគេនៅក្នុងតំបន់អាស៊ាន។ លោកថា ការឡើងថ្លៃនេះ អាចបាត់បង់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ម្យ៉ាងទៀត កម្ពុជាក៏ត្រូវវៀរចាកនូវទង្វើទាមទារប្រាក់បន្ថែមពីភ្ញៀវទេសចរ ដែលលោកហៅថា «អំពើឆក់កណ្ដៀតរបស់បុគ្គលមួយចំនួន»។

ជាមួយគ្នានោះ លោកក៏បានទទួចដល់ក្រុមហ៊ុនការីទេសចរណ៍ខាងកម្ពុជា ត្រូវផ្សព្វផ្សាយពីផលិតផលរបស់ប្រទេស ផលិតផលរបស់ខ្លួនទៅកាន់ភ្ញៀវទេសចរឱ្យបានផុសផុលផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់កម្សាន្តឱ្យបានច្រើនក្នុងក្របខណ្ឌ CVTEC នេះ កុំចាំតែភ្ញៀវមកទាក់ទងសួរនាំដល់ផ្ទះ ពោលគឺត្រូវដើរគោះទ្វារផ្សព្វផ្សាយតាមផ្ទះភ្ញៀវ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា វេទិកាធុរកិច្ច CVTEC នេះ គឺជាកាលានុវត្តភាពថ្មីមួយសម្រាប់វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយក៏សមស្របនឹងការអភិវឌ្ឍនៅខេត្តកំពតផងដែរ ពិសេសនាពេលថ្មីៗនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញបើកដំណើរការកំពង់ផែពហុបំណងខេត្តកំពត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមខ្លួនទទួលភ្ញៀវក្នុងក្របខណ្ឌ CVTEC រួមទាំងសេវាកម្មទាំងអស់ក្នុងវិស័យទេសចរណ៍ ខណៈកន្លងមកប្រជាពលរដ្ឋនិងភ្ញៀវទេសចរនៅប្រទេសថៃ ក៏មានចំណាប់អារម្មណ៍ខ្លាំងចំពោះសក្ដានុពលទេសចរណ៍នៅខេត្តកំពតដែរ ដូចជា សំណង់បេតិកភណ្ឌនានាជាដើម។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុគឺបានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការសម្របសម្រួលការងារក្នុងក្របខណ្ឌ CVTEC នេះ នៅពេលវិស័យឯកជនរៀបចំទស្សនកិច្ចជូនភ្ញៀវទេសចរបានហើយ ភាគីរដ្ឋគឺចាំតែសម្របសម្រួលជូននោះទេ ខណៈកំពង់ផែទេសចរណ៍ក៏មានស្រាប់ គោលដៅទេសចរណ៍តាមកោះតាមឆ្នេរក៏សម្បូរបែប។

ភាគីថៃក៏បានលើកឡើងដែរថា ប្រសិនបើការតភ្ជាប់ការដឹកជញ្ជូនទេសចរតាមផ្លូវទឹកនេះសម្រេចទៅបានមែន នោះភាគីកម្ពុជា ភាគីថៃ និងភាគីវៀតណាម នឹងសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ «ប្រទេស៣ គោលដៅតែ១» ដែលតែងខិតខំពិភាក្សានិងអនុវត្តជារឿយៗមកនោះ។

គួរជម្រាបថា ភាគីទាំង៣ កម្ពុជា ថៃ វៀតណាម ក៏បានឯកភាពរៀបចំវេទិកាធុរកិច្ច CVTEC នេះឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីជជែកពិភាក្សាគ្នាពីការផ្លាស់ប្ដូរទំនាក់ទំនងថ្នាក់តំបន់នេះ ក៏ដូចជាការជំរុញវិស័យទេសចរណ៍បន្តបន្ទាប់ទៀត។ សម្រាប់កម្ពុជា និងថៃ គឺបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះរួចហើយ នៅឡើយតែប្រទេសវៀតណាម ដូច្នេះនាឆ្នាំក្រោយ ការរៀបចំវេទិកា CVTEC អាចធ្វើនៅប្រទេសវៀតណាមវិញម្ដង៕