(បាត់ដំបង)៖ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ខាត់ សាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកហ្លួង និងសហការី បានសហការជាមួយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ បានរៀបចំកាយប្រឡាយ លើកផ្លូវលំនិងទំនប់ច្រាំងស្ទឹង ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ កាលពីពេលថ្មីៗនេះបានជាង៤,០០០ម៉ែត្រ និងទំនប់ច្រាំងស្ទឹងជាង២០០ម៉ែត្រ។

តាមការលើកឡើងរបស់លោកមេភូមិ ដូន ឥន្ទ ពីផលលំបាកមួយចំនូនក្នុងរដូវវស្សាពេលមានទឹកជំនន់ ខ្លាំងបានហូរចូលភូមិករ និងបំផ្លាញផលកសិកម្មរបស់ប្រជាកសិករ អស់ជាច្រើនហិចតា ព្រមទាំងផលវា រីវប្បកម្មផងដែរ។

លោកបានបន្ថែមថា បន្ទាប់ពីបានប្រឡាយនេះ គឺវាបានជួយរំដោះទឹកជំនន់ ហើយក៏អាចជួយឲ្យប្រជាកសិករប្រកបរបរដាំ ដុះដំណាំបន្លែឆ្លងកាត់ផ្សេងៗ បានជាច្រើនហិចតាទៀត នៅរដូវប្រាំងដោយទាញប្រភពទឹកពីស្ទឹងសង្កែ។

លោកស្រី សឿង វណ្ណា មេឃុំព្រែកហ្លួង ក៏បានសម្តែងនូវអំណរសាទរផងដែរចំពោះ សមិទ្ធផលមួយនេះ ដែលបានតភ្ជាប់ពីភូមិដូនឥន្ទមកភូមិបាក់អំរែកបានជួយសម្រួលដោះស្រាយបញ្ហាជូនដល់ប្រជាកសិករបានទាន់ពេលវេលា។

លោកស្រីបន្ដថា ក្រៅពីគុណប្រយោជន៍ជួយរំដោះទឹកជំនន់ ប្រជាពលរដ្ឋយើងក៏ទទួលបានផ្លូវថ្មីមួយទៀត ដែលបានជួយសម្រួលការលំបាករបស់បងប្អូនក្នុងការដឹកជញ្ជូនកសិផលចេញ ទៅកាន់ទីផ្សារ ព្រមទាំងបានជួយ រក្សាតម្លៃកសិផល របស់បងប្អូនផងដែរ។

ដោយឡែក លោក ខៃ កក្កដា មេភូមិរហាលសួង ក៏បានសម្តែងនូវអំណរសាទរផងដែរ ដោយភូមិរបស់លោកទទួលបានទំនប់ទឹកមួយខ្សែមានប្រវែងជាង២០០ម៉ែត្រ មានគុណប្រយោជន៍ជួយរាំងស្កាត់ទឹក ជំនន់ហូរចូលភូមិកររបស់ប្រជាពលរដ្ឋ ហើយកន្លងមកបានបំផ្លាញផលដំណាំនិងផ្លូវលំអស់ជាច្រើនផងដែរ។

សមិទ្ធផលដែលកើតឡើងនាពេលនេះ គឺផ្តើមចេញពីកម្លាំងសាមគ្គីជាពិសេសការយកចិត្តទុកដាក់របស់ប្រធានក្រុមការងារចុះជួយ ឃុំនិងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានបានខិតខំរួមគ្នាដោះស្រាយបញ្ហានានាបានជាច្រើន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយលើកកម្ពស់ជីវភាពរស់ នៅជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋព្រមទាំងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៣០ជាប្រទេស មួយមានចំណូលមធ្យមកម្រិតខ្ពស់៕