(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកញ្ញានេះ បានជំរុញឲ្យបេក្ខជន-បេក្ខនារី ដែលបានប្រឡងជាប់ទាំងអស់ ដែលនឹងក្លាយ ជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវប្រើប្រាស់ជំនាញ វិជ្ជាជីវៈ របស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់គោរពតាមក្រមសីលធ៌មវិជ្ជាជីវៈ។
ការជំរុញរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនបេក្ខជន-បេក្ខនារីជ័យលាភី ដែលបាន ប្រឡងជាប់ស្ថាពរ ភ្នាក់ងារសេវាកម្មពន្ធដារជំនាន់ទី៤ និងទី៥ ចំនួន២១០នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នាសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងឱកាសនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តាំផ្ញើដល់បេក្ខជន-បេក្ខនារី ដែលបានប្រឡងជាប់ទាំងអស់ ដែលនឹងក្លាយ ជាភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវប្រើប្រាស់ជំនាញ វិជ្ជាជីវៈ របស់ខ្លួនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់គោរពតាមក្រមសីលធ៌មវិជ្ជាជីវៈ ព្រមទាំងយកចំណេះដឹង និងបទពិសោធន៍ល្អៗទៅផ្សព្វផ្សាយបន្តដល់អ្នកជាប់ពន្ធដទៃទៀត ដើម្បីលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ ឲ្យកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួមចំណែកកែទម្រង់រដ្ឋបាលសារពើពន្ធ ឲ្យកាន់តែទទួលលទ្ធផលល្អប្រសើរ។
ការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ តែងតែរៀបចំឡើង ចំនួនពីរដងក្នុងមួយឆ្នាំ សម្រាប់សិក្ខាកាមដែលទទួលការ បណ្ដុះបណ្ដាលនៅសាលាជាតិពន្ធដារ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ក្លាយជា ភ្នាក់ងារសេវាកម្មពន្ធដារ។
កន្លងមកសាលាជាតិពន្ធដារបានរៀបចំ ការប្រឡងភ្នាក់ងារ សេវាកម្មពន្ធដារ បានចំនួន៥លើករួចមកហើយ ដែលមានបេក្ខជន-បេក្ខនារីប្រឡងជាប់សរុបចំនួន៥១៦នាក់ ហើយក្នុងនោះបេក្ខជន-បេក្ខនារី ជ័យលាភីជំនាន់ទី៤ និងទី៥ ដែលមានចំនួនសរុប២១០នាក់ ដែលត្រូវមកទទួលវិញ្ញាបត្រថ្ងៃនេះ សម្រាប់យកទៅប្រើប្រាស់ ស្នើសុំយកអាជ្ញាប័ណ្ណភ្នាក់ងារ សេវាកម្មពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ។
បេក្ខជន-បេក្ខនារី ប្រឡងជាប់ ដែលនឹងក្លាយជាភ្នាក់ងារសេវាកម្មពន្ធដារ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកជាប់ពន្ធ ឲ្យគោរពប្រតិបត្តិច្បាប់បានត្រឹមត្រូវ និងជួយលើកកម្ពស់វប្បធម៌ នៃការបង់ពន្ធ ឲ្យកាន់តែល្អប្រសើរ។
ជាងនេះទៅទៀត ភ្នាក់ងារសេវាកម្មពន្ធដារ គឺជាអ្នកផ្សាភ្ជាប់ទំនាក់ទំនង រវាងអ្នកជាប់ពន្ធជាមួយនិងអង្គ-ភាពពន្ធ ក្នុងការបំពេញបែបបទដាក់លិខិត ប្រកាសសារពើពន្ធ ប្រចាំខែ ប្រចាំឆ្នាំ និងបង់ពន្ធ-អាករទាំងឡាយ បង្ហាញនិងផ្តល់ ឯកសាររបាយការណ៍ និងលិខិតគតិយុត្តផ្សេងៗរបស់អ្នកជាប់ ពន្ធពាក់ព័ន្ធនឹងពន្ធដារ ជូនរដ្ឋបាលសារពើពន្ធ ស្របតាម បទប្បញ្ញាត្តិស្តីពីពន្ធដារ បំពេញរាល់កាតព្វកិច្ចដែលអ្នកជាប់ ពន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ទទួលព័ត៌មានជាប្រចាំ អំពីការធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្មច្បាប់និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ ជាដៃគូរសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាល សារពើរពន្ធ ក្នុងការពង្រីក និងពង្រឹងការផ្តល់សេវា ការអប់រំដល់ អ្នកជាប់ពន្ធ ធានាឱ្យបានការអនុវត្តច្បាប់ ព្រមទាំងទប់ស្កាត់ សកម្មភាពគេចវេះពន្ធផងដែរ៕