(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកំពង់ធំ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ការចូលរួមនេះ ដើម្បីឲ្យសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងឱកាសនោះ លោក ងួន រតនៈ សង្ឃឹមយ៉ាងមុតមាំថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជា ខេតកំពង់ធំពុំខានឡើយ៕