(ភ្នំពេញ)៖ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងនិងពង្រីកបន្ថែមលើវិស័យអប់រំ បានធ្វើឱ្យសមត្ថភាពរបស់សិស្សកាន់តែពូកែជាបន្តបន្ទាប់ ជាក់ស្តែងសិស្សពូកែរបស់កម្ពុជា បានទៅចូលរួមកម្មវិធីប្រឡងប្រជែង STEMCO International Competition នៅប្រទេសសិង្ហបុរី ដែលមានសិស្សានុសិស្សមកពី ១២ប្រទេសចូលរួម សិស្សពូកែរបស់កម្ពុជា ដណ្តើមបានមេដាយ៣០គ្រឿង រួមមាន៖ មេដាយមាស៤, ប្រាក់ ៧ និងមេដាយសំរិទ្ធ ១៩។

សូមបញ្ជាក់ថា កម្មវិធីប្រឡងប្រជែង STEMCO International Competition មានដើមកំណើតមកពីប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យបេក្ខជនសាកលល្បងសមត្ថភាពលើមុខវិជ្ជាជាច្រើនរួមមាន៖ គណិតវិទ្យា វិទ្យាសាស្ត្រ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ 

លើកឡើងក្រោយត្រឡប់មកពីប្រទេសសិង្ហបុរីវិញ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ សិស្ស ឌិន នីក័រ បានឱ្យដឹងថា ការប្រកួតប្រជែងនៅក្រៅប្រទេសមិនងាយស្រួលដូចការប្រឡងនៅក្នុងស្រុកនោះទេ គឺមានភាពពិបាក ហើយវិញ្ញាសារក៏តឹងណាស់ដែរ ដោយសារជាការប្រកួតប្រជែងកម្រិតពិភពលោក គឺទាមទារឱ្យយើងប្រឹងប្រែងឱ្យបានខ្លាំង និងជាប់ជាប្រចាំទើបយើងអាចទទួលយកជោគជ័យបាន។

នីក័រ បានអះអាងថា រូបគេបានចូលរួមប្រកួតប្រជែងលើ ៤វិញ្ញាសារ មានដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ហើយជាលទ្ធផលទទួលបានមេដាយសំរិទ្ធទាំង៤ គ្រឿង ទោះជាលទ្ធផលនេះមិនទាន់ទទួលបានល្អនៅឡើយ តែរូបគេនឹងខិតខំប្រឹងប្រែងឱ្យបានកាន់តែខ្លាំងបន្ថែមទៀតផងដែរ។

នីក័រ ក៏បានលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយត្រូវខិតខំរៀនសូត្រឱ្យបានច្រើន និងកុំបោះបង់ការខិតខំសិក្សា ខិតខំស្រាវជ្រាវឱ្យបានច្រើន និងត្រូវបង្កើតភាពក្លាហានរបស់ខ្លួន ដើម្បីទៅបង្ហាញសមត្ថភាពរបស់កូនខ្មែរនៅលើឆាតអន្តរជាតិ និងដណ្តើមយកមេដាយជូនដល់ប្រទេសជាតិផងដែរ។

ជាមួយគ្នានោះលោក ប៉ែន មិថុនា អាណាព្យាបាលសិស្ស បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់នូវសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឱ្យកូនខ្មែរយើងអាចមានសមត្ថភាពគ្រប់គ្រាន់ទៅធ្វើការទៅប្រកួតប្រជែងនៅក្រៅប្រទេស មិនចាញ់បរទេសនោះឡើយ, កូនខ្មែរពិតជាអាចចូលរួមបានគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកបញ្ញា និងវប្បធម៍​ មានភាពស្មើមុខ ស្មើមាត់បរទេសបានដូចគ្នា។

លោក ប៉ែន មិថុនា បានឱ្យដឹងទៀតថា កម្មវិធីប្រឡងប្រជែងប្រឡងប្រជែង STEMCO International Competition ដែលក្រុមហ៊ុន Bright Education Consultant & Travel បាននាំសិស្សទៅប្រកួតនៅក្រៅប្រទេសនេះគឺពិតជាល្អណាស់ ដែលបានជួយជម្រុញឱ្យក្មេងៗមានការខិតខំរៀនសូត្របានកាន់ច្រើន ដើម្បីចូលរួមប្រកួតប្រជែងជាមួយសិស្សដ៏ទៃទៀតផងដែរ។

សូមបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលក្រុមហ៊ុន Bright Education Consultant & Travel រៀបចំកម្មវិធីប្រឡង STEMCO នេះឡើង ដោយលើកទី១ នៅឆ្នាំ២០២២ ធ្វើឡើងតាមរយៈអនឡាញ ហើយលើកទី២នេះ ក្រុមហ៊ុនបានរៀបចំដោយផ្ទាល់មានបេក្ខជនចូលរួមជិត ៣០០នាក់។ ឆ្នាំនេះជាលើកទីមួយដែលក្រុមហ៊ុនប្រាយត៍ បានដឹកបេក្ខជនកម្ពុជាទៅចូលរួមកម្មវិធី STEMCO វគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី ដើម្បីប្រកួតប្រជែងជាមួយនឹងបេក្ខជនមកពីប្រទេសជាង១២ ដោយដណ្តើមបានមេដាយសរុប៣០ និងពានរង្វាន់ឆ្នើម​ ១៕