(ស្ទឹងត្រែង)៖ គ្រឿងញៀនចំនួន២ការ៉ុង ត្រូវបានជនសង្ស័យដឹកតាមផ្លូវទឹកចេញពីប្រទេសជិតខាងឆ្លងកាត់ចូលដីកម្ពុជា តែជួបកម្លាំងល្បាតបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ ក៏បើកទូកបុកច្រាំង រួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

លោក និន ពិសី ប្រធានការិយាល័យតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៖៣០នាទីរសៀល លោក ភោគ និមល់ អនុប្រធានការិយាល័យ រួមជាមន្ត្រីឧទ្យានុរក្សចំ សហការជាមួយកម្លាំងសហគមន៍នេសាទ ចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ។

ក្នុងបេសកកម្មនោះកម្លាំងបរិស្ថាន និងសហគមន៍ បានចុះល្បាតដល់ចំណុចប៊ុងក្រាក់ ក្បាលភូមិវ៊ើនសៀន កម្លាំងបានប្រទះឃើញអ្នកបើកទូក១គ្រឿងគួរឲ្យសង្ស័យ បានបើកទូកដេញតាម រហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់។

ជនសង្ស័យបានបន្សល់ទុកនៅវត្ថុតាង ទូក១គ្រឿង ម៉ាសុីនម៉ាក TBC ១គ្រឿង និងការ៉ុងផ្ទុកដោយវត្ថុសង្ស័យជាថ្នាំញៀន ចំនួន២ការ៉ុង។ ក្រោយពីមានការសង្ស័យលើវត្ថុនៅក្នុងការ៉ុង កម្លាំងក៏បានទំនាក់ទំនងសូមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ហើយខាងអធិការក៏បានធ្វើកំណត់ហេតុរួចបញ្ជូនមកកាន់ស្នងការនគារបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី។

រហូតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្ត មិនទាន់បញ្ជាក់ថា គ្រឿងញៀននេះប្រភេទអ្វី ហើយមានទម្ងន់ប៉ុន្មាននោះទេ ព្រោះមិនទាន់ចប់នីតិវិធីនៅឡើយ៕