(កំពង់ធំ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះបំពេញការងារនៅខេត្តកំពង់ធំ ដោយបានចុះពិនិត្យមណ្ឌសុខភាពចំនួន ៦កន្លែង និងបានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកវិស័យសុខាភិបាលខេត្តកំពង់ធំ ក្នុងគោលបំណងជំរុញពង្រឹងការផ្ដល់សេវានៅតាមមណ្ឌលសុខភាព និងជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តនេះ។

កិច្ចប្រជុំនេះ មានចូលរួមពីសំណាក់លោកអភិបាលរងនៃគណៈអភិបាលខេត្ត, លោកប្រធានមន្ទីរសុខាភិបាលខេត្ត,​ លោក លោកស្រី អភិបាលរងស្រុក-ក្រុងទាំង៩ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៣ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកទាំង៣ ប្រធានមណ្ឌលសុខភាពទាំង ៥៦កន្លែង អង្គការដៃគូ និងមន្រ្តីរាជការសាលាខេត្ត និងមន្ទីរសុខាភិបាល​ សរុបអ្នកចូលរួមទាំងអស់ចំនួនប្រហែលជា​ ១០០នាក់។​

ក្នុងឱកាសបំពេញបេសកកម្មនេះ លោកស្រី ឱ វណ្ណឌីន​ បានធ្វើការណែនាំ​ និងផ្ដល់ជាអនុសាសន៍​ជូនដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលមានខ្លឹមសារសំខាន់ៗចំនួន ៩ចំណុច​ រួមមាន៖

១៖ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើងដើម្បីកែលម្អមុខងាររបស់មណ្ឌលសុខភាព។

២៖ ថ្លែងអំណរគុណដល់ការដឹកនាំរបស់មេឃុំ/សង្កាត់ ដែលជួយទ្រទ្រង់ដំណើរការ គណកម្មការគ្រប់គ្រង់មណ្ឌលសុខភាព​ (HCMC) ។ទោះយ៉ាងណាក៏ដោយ ឃុំខ្លះមិនទាន់បានចាត់ទុកការងាររបស់មណ្ឌលសុខភាព ជាផ្នែកនៃការទទួលខុសត្រូវរួមរបស់ពួកគេទេ។ យើងគួរតែរៀនពីការឆ្លើយតបនៃជំងឺរាតត្បាតកូវីដ-១៩ និងលើកទឹកចិត្តសហគមន៍ឱ្យការពារជំងឺជាជាងការព្យាបាលពួកគេ។ ក្នុងនោះលោកស្រីបានជំរុញឱ្យថ្នាក់ដឹកនាំមូលដ្ឋាន ចូលរួមក្នុងការកែលម្អសេវាសុខភាពនៅតាមមូលដ្ឋានរបស់ខ្លួន នៅពេលកំពុងតែបន្តទៅការអនុវត្តការងារ ជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា។

៣៖​ ធ្វើឱ្យប្រសើរឡើងនូវផែនការរួមបញ្ចូលគ្នារបស់មណ្ឌលសុខភាព ដែលរួមមានការកែលម្អការផ្តល់សេវាមណ្ឌលសុខភាព និងការចូលរួមសហគមន៍។ ត្រូវមានការត្រួតពិនិត្យ និងតាមដាន ការអនុវត្តផែនការការងាររួមបញ្ចូលគ្នានេះ និងកែតម្រូវតាមការចាំបាច់។

៤៖ ផែនការ ៣ឆ្នាំរំកិលរបស់ឃុំ ត្រូវបានដាក់បញ្ចូលជាមួយសកម្មភាពមណ្ឌលសុខភាពរួចហើយ ប៉ុន្តែនៅតែមានបញ្ហាប្រឈមក្នុងការអនុវត្ត។ ឃុំ និងមណ្ឌលសុខភាព គួរធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងសុខភាពនៅតាមមូលដ្ឋានរបស់ខ្លួន។

៥៖ មណ្ឌលសុខភាព គួរតែចាប់ផ្តើមប្រើប្រាស់ទំនាក់ទំនងឌីជីថលជាមួយសហគមន៍ ដូចជាស្ត្រីមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសឈាម នៅក្នុងតំបន់នីមួយៗដែលមានកំណត់ចំនួនប្រជាជនគ្របដណ្តប់ ហើយតាមដានការអនុវត្តជាមួយពួកគេ។

៦៖ មណ្ឌលសុខភាពចំនួន ៦ ដែលលោកស្រីបានទៅសួរសុខទុក្ខ បានផ្ដល់សេវាសុខភាពបានល្អ ដូចជាបុគ្គលិក អនាម័យ និងការប្រើប្រាស់សម្ភារៈអប់រំ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធកត់ត្រាអ្នកមកប្រីប្រាស់សេវា និងការគ្រប់គ្រងឱសថដោយឱ្យមានម៉ាស៊ីនត្រជាក់ គួរតែត្រូវបានកែលម្អសម្រាប់មណ្ឌលសុខភាពទាំងអស់។

៧៖ មណ្ឌលសុខភាព គួរតែបង្កើតលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់មណ្ឌលសុខភាពនីមួយៗ ដោយគ្រាន់តែមានលេខទូរស័ព្ទដាច់ដោយឡែកមួយ ដោយមិនប្រើទូរស័ព្ទផ្ទាល់ខ្លួន ហើយប្រគល់ទៅអ្នកយាម ២៤ម៉ោងទៅក្រុមថ្ងៃបន្ទាប់តាមវេនយាម។

៨៖ មណ្ឌលសុខភាព គួរតែអនុវត្តសកម្មភាពចុះមូលដ្ឋាន ដែលបានរំលេចនៅក្នុងឯកសារដែលបានបោះពុម្ពឆ្នាំ២០១៤ ដោយការរួមបញ្ចូលសេវាកម្មដូចជា ការចាក់ថ្នាំបង្ការ ការអប់រំសុខភាពតាមរដូវកាល ការពិនិត្យជំងឺនានា និងការប្រឹក្សាមុន និងក្រោយសម្រាល ជាពិសេសនៅតំបន់ដាច់ស្រយាល។

៩៖ មណ្ឌលសុខភាព ត្រូវរាយការណ៍ពីវឌ្ឍនភាពការងារ ដោយផ្អែកលើផែនការការងាររួមបញ្ចូលគ្នារបស់មណ្ឌលសុខភាព ជារៀងរាល់ត្រីមាសទៅកាន់ស្រុកប្រតិបត្តិ, មន្ទីរសុខាភិបាល និងក្រុមការងារថ្នាក់ជាតិ។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង ៦កន្លែងខាងលើនោះមានដូចជា៖ មណ្ឌលសុខភាពសណ្ដាន់ មណ្ឌលសុខភាពមានជ័យ មណ្ឌលសុខភាពសំបូរ មណ្ឌលសុខភាពសានគរ មណ្ឌលសុខភាពព្រៃប្រស់ និងមណ្ឌលសុខភាពកំពង់ធំ ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ៕