(សៀមរាប)៖ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំបានអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85) ដែល​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ជាផ្នែកមួយនៃកិច្ចប្រជុំ AMMSTI-20។

កិច្ចប្រជុំបានបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅធានាឲ្យមានប្រសិទ្ធភាព នៃការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ ២០២៥ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក្នុងការប្រឈមនឹងបញ្ហាជាសកល និងក្នុងតំបន់។

កិច្ចប្រជុំបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាព នៃការអនុវត្តផលសេដ្ឋកិច្ចអាទិភាព (PED) ឆ្នាំ២០២៤ និងអាទិភាពប្រចាំឆ្នាំ (APs) នៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចខាងក្រោម៖ (PED) គំនិតផ្តួចផ្តើមបង្កើតវេទិកាអប់រំអនឡាញអាស៊ានសម្រាប់ឧស្សាហកម្ម ៤.០ សហការដឹកនាំដោយប្រទេសឡាវ កម្ពុជា និងថៃ។ វេទិកាអនឡាញគាំទ្រដល់ការអភិវឌ្ឍជំនាញសំខាន់ៗ និងការបណ្តុះធនធានមនុស្សសម្រាប់ឧស្សាហកម្ម ៤.០ ដែលផុ្តល់ផលវិជ្ជមានដល់សហគមន៍អាស៊ាន។ (APs) គម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ដំណាក់កាលទី III) សហការដឹកនាំដោយប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

គំនិតផ្តួចផ្តើមនេះនឹងក្លាយជាវេទិកាផ្គូផ្គងការផ្ទេរបច្ចេកវិទ្យាដែលផ្តួចផ្តើមគំនិតដំបូងដោយអាស៊ាន បង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យាសំខាន់ៗនៅក្នុងអាស៊ាន។ (AP) ការបង្កើតយុទ្ធសាស្ត្រស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ាន (ដំណាក់កាលទី II) ដឹកនាំដោយប្រទេសថៃ។ យុទ្ធសាស្រ្តនេះត្រូវបានរំពឹងថា នឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវទាំងអស់របស់រដ្ឋជាសមាជិក នៅត្រឹមចុងឆ្នាំ២០២៥ និងលើកកម្ពស់់សមាហរណកម្មដ៏រលូននៃការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

គំនិតផ្តួចផ្តើមបង្កើតធុរកិច្ចថ្មីអាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ដោយបម្រើជាច្រករួមនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីអាស៊ាន គំនិតផ្តួចផ្តើមនេះផ្តល់ព័ត៌មានអំពីធុរកិច្ចថ្មីក្នុងអាស៊ាន, សកម្មភាពពាក់ព័ន្ធដែលទាក់ទងនឹងសហគ្រិនភាពបច្ចេកវិទ្យា និងផ្នែកព័ត៌មាន។

លើសពីនេះ ច្រករួមនេះអនុញ្ញាតឱ្យធុរកិច្ចថ្មី និងអ្នកវិនិយោគអាចទាក់ទងគ្នាទៅវិញទៅមក។ (AP) គំនិតផ្តួចផ្តើមបង្កើតសហគមន៍ចល័តភាពអ្នកមានទេពកោសល្យអាស៊ាន (ASEAN Talent Mobility) ដែលដឹកនាំដោយប្រទេសថៃ។ ចល័តភាពអ្នកមានទេពកោសល្យផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍អាចជួយសម្រួលដល់ការផ្លាស់ប្តូរគំនិត ភ្ជាប់បណ្តាញជាអន្តរការី និងលើកម្ពស់ភាពខ្លាំងក្នុងស្រុក ទន្ទឹមនឹងនោះបង្កើនជំនាញសម្រាប់អ្នកមានទេពកោសល្យ។

ប្រព័ន្ធចល័តភាពអ្នកមានទេពកោសល្យអាស៊ាន ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសសម្រាប់អ្នកដែលមានទេពកោសល្យផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ក្នុងការប្រមូលផ្តុំ សហការ និងរួមចំណែកដល់កំណើនក្នុងតំបន់។ (AP) ការអនុវត្តគោលការណ៍ណែនាំស្តីពីការវាយតម្លៃភាពធន់នៃវិស័យថាមពលអាស៊ាន៖ ការកសាងសមត្ថភាពវាយតម្លៃភាពធន់នៃវិស័យថាមពល ដែលដឹកនាំដោយប្រទេសថៃ។

រដ្ឋជាសមាជិកអាស៊ាន នឹងរៀនសូត្រអំពីការវាយតម្លៃភាពធន់ នៃវិស័យថាមពល ដោយផ្អែកលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃភាពធន់នៃវិស៧យថាមពលរបស់អាស៊ាន តាមរយៈគម្រោងដែលមានចំណងជើងថា «ការបណ្តុះបណ្តាលស្តីពីការវាយតម្លៃភាពធន់នៃវិស័យថាមពល៖ ឆ្ពោះទៅរកប្រព័ន្ធថាមពលដែលបន្សុំានឹងអាកាសធាតុ»។

កិច្ចប្រជុំបានកត់សម្គាល់វឌ្ឍនភាព នៃសកម្មភាពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៩៣ ដែលអនុវត្តដោយអនុគណៈកម្មាធិការចំនួន៩ ក្រោមគណៈកម្មាធិការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសកម្មភាពចំនួន៦៨ ផ្សេងទៀត ដែលគាំទ្រដោយដៃគូសន្ទនា និងដៃគូផ្សេងៗ។

កិច្ចប្រជុំក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងអាស៊ាន ដៃគូសន្ទនារបស់ខ្លួន និងដៃគូផ្សេងទៀត ក្នុងការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមទាំងការតស៊ូមតិសម្រាប់ការផ្តល់មូលនិធិដល់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំបានអនុម័តគាំទ្រផលសេដ្ឋកិច្ចអាទិភាព (PED) ចំនួន១ សម្រាប់ឆ្នាំ២០២៥ ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានចំណងជើងថា «គម្រោងបណ្តុះធុរកិច្ចថ្មីបច្ចេកវិទ្យាអាស៊ាន» ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ផលសេដ្ឋកិច្ចជាអាទិភាពនេះនឹងលើកកម្ពស់ នវានុវត្តន៍ និងសហគ្រិនភាព ផ្អែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន ដោយបង្កើនល្បឿននៃការរីកចម្រើន និងនិរន្តរភាពនៃធុរកិច្ចថ្មីបច្ចេកវិទ្យា តាមរយៈការទទួលបានធនធានសំខាន់ៗ ដូចជាកម្មវិធីការកសាងសមត្ថភាព ការផ្តល់ប្រឹក្សាអាជីវកម្ម ការណែនាំ និងឱកាសសហការក្នុងតំបន់។

កិច្ចប្រជុំបានទទួលស្គាល់ការចាប់ផ្តើម នៃមូលដ្ឋានផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥ ដែលរំពឹងថានឹងត្រូវបានបង្ហាញជូនក្នុងកិច្ចប្រជុំ AMMSTI បន្ទាប់ (AMMSTI-21)។ កិច្ចប្រជុំបានកត់សម្គាល់ថា ឯកសាររបស់សម្ព័ន្ធការប្រមើលមើលអាស៊ាន (ASEAN Foresight Alliance) ដែលមានចំណងជើងថា «របាយការណ៍ការប្រមើលមើលប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន ឆ្នាំ២០៣០» ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥ ហើយគួរត្រូវបានប្រើប្រាស់សម្រាប់ផែនការសមកម្មភាព APASTI ឆ្នាំ២០២៦-២០៣៥។

អង្គប្រជុំបានយល់ស្របថា តួនាទីរបស់ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការ COSTI គួរត្រូវបានពង្រឹង តាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។ មូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF) នឹងត្រូវបើកទទួលសំណើឡើងវិញ នៅឆ្នាំ២០២៥។ កិច្ចប្រជុំបានពិភាក្សាលើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងដំណើឆ្ពោះទៅអនាគតរបស់អាស៊ាន ដោយទទួលស្គាល់សក្តានុពលដ៏ធំនៃបច្ចេកវិទ្យានេះ ក្នុងការជំរុញកំណើន និងបរិវត្តកម្មសេដ្ឋកិច្ច។ កិច្ចប្រជុំក៏បានអនុម័តគាំទ្រលើសេចក្តីថ្លែងរដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ញាសិប្បនិម្មិតផងដែរ។

អង្គប្រជុំក៏បានកោតសរសើរដល់ការសម្ពោធដាក់ឱ្យដំណើរការកម្មវិធី ASEAN COSTI Tracks ស្តីពីបញ្ញាសិប្បនិម្មិត ឬហៅថា ACT on AI ឆ្នាំ២០២៤-២០២៥, សកម្មភាពទាក់ទងនឹងបញ្ញាសិប្បនិម្មិតចំនួន៥ ដែលផ្តួចផ្តើមដោយគណៈកម្មាធិការ COSTI និងគាំទ្រដោយដៃគូសន្ទនា ដែលនឹងធ្វើឱ្យអាស៊ានក្លាយជាតួអង្គដែលមានភាពប្រកួតប្រជែងមួយក្នុងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតជាសកល។

កិច្ចប្រជុំបានកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២១ (AMMSTI-21) នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំដោយប្រទេសឥណ្ឌូនេស៊ី ដែលគ្រោងនឹងធ្វើ​ឡើងនៅខែមិថុនា ឆ្នាំ២០២៥។ កិច្ចប្រជុំបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះរដ្ឋមន្ត្រី និងប្រតិភូអាស៊ាន និងចំពោះការរៀបចំផ្សេងៗយ៉ាងប្រណិត៕