(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីស សុខា បានថ្លែងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកអះអាងថា ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានអបអរសាទរចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តព្រៃវែង ជាមួយគណៈអភិបាល។

លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ៕