(ព្រៃវែង)៖ រដ្ឋបាលស្រុកកំពង់ត្របែក បានចេញសេចក្តីបំភ្លឺថា នៅស្រុកកំពង់ត្របែក មានផ្សារទីប្រជុំជនធំចំនួនពីរ គឺផ្សារកំពង់ត្របែក និងផ្សារករអណ្ដើក នៅវេលាម៉ោង១១ ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ អាជីវកផ្សារទាំងពីរខាងលើបានទទួលព័ត៌មានតៗគ្នាថា មានមន្ត្រីគយចុះធ្វើការត្រួតពិនិត្យនៅទីតាំងផ្សារទាំងពីរ ហេតុនេះអាជីវករមានការភ័យខ្លាចទើបនាំគ្នាបិទតូប។

ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវឃើញថា មានបិទតូបមួយចំនួនមែន ក្នុងនោះផ្សារកំពង់ត្របែកអាជីវករបិទតូបប្រហែល១០% និងផ្សារករអណ្ដើកអាជីវករបិទតូប ប្រហែល៦០%។ គិតមកត្រឹមម៉ោង៥៖០០នាទីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ មិនមានមន្ត្រីគយចុះធ្វើការ ត្រួតពិនិត្យនៅទីតាំងផ្សារទាំងពីរនោះទេ។

បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកប្រភពព័ត៌មានដែល បានផ្សព្វផ្សាយថាមានមន្ត្រីគយចុះមកពិនិត្យនោះ។ អាជ្ញាធរក៏បានណែនាំដល់អាជីវករឲ្យគាត់បើកទ្វារលក់ដូរ ដូចធម្មតាវិញ កុំមានការភ័យខ្លាច និងជឿលើព័ត៌មានមិនពិតនេះ៕