(កណ្តាល)៖ ចាត់ទុកថា ជារឿងមិនធ្លាប់មានមួយដែរ ដែលរឿងក្ដីបុរសជនជាតិបារាំងម្នាក់ជាប់ចោទពីបទ «ទិញពេស្យាចារកុមារជាច្រើននាក់» ត្រូវបានតុលាការខេត្តកណ្ដាល បើកសវនាការជាបន្តបន្ទាប់សរុប១០លើកទៅហើយ នៅពុំទាន់ឃើញលទ្ធផល។
សាលាដំបូងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បើកសវនាការលើជនជាប់ចោទឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយមានលោក ទី សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ទេព មុនិន្ទ ជាតំណាងអយ្យការ។
ប៉ុន្តែជាការកត់សម្គាល់ ជនជាប់ចោទបានឡើងនិយាយតែម្នាក់ឯង ក្នុងសវនាការ ដោយមិនទុកសិទ្ធិឲ្យភាគីដើមបណ្ដឹង ឬ មេធាវី និយាយឡើយ។ ហេតុនេះ មេធាវីការពារជនជាប់ចោទ បានដើរចេញពីបន្ទប់សវនាការ ដោយបោះបង់សិទ្ធិការពារកូនក្ដី បន្តទៀត។
ដោយឃើញសភាពបែបនេះ តុលាការបានសម្រេចលើកពេលសវនាការនេះទៅថ្ងៃក្រោយវិញ រីឯបុរសជនជាតិបារាំង ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារដដែល។
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិបារាំងរូបនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ការឃាត់ខ្លូននេះបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនសង្ស័យបានប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើកុមារ ដោយការអូសទាញលួងលោមផ្តល់ចំណី និងឲ្យលុយ បន្តិចបន្តួច។ មន្រ្តីនគរបាលបញ្ជាក់ថា ជនសង្ស័យប្រើវិធីអូសទាញលួងលោមផ្តល់ជាសំភារៈថវិកា ដើម្បីបានរួមភេទហើយមានកុមារចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង៕