(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញសេចក្ដីជូនដំណឹងបន្ថែមពី «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលប្រកាសបើកជាផ្លូវការដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

តាមរយសេចក្ដីជូនដំណឹងបន្ថែម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២៤នេះ បានឲ្យថា ក្រោយការប្រកាសបើកជាផ្លូវការ សប្បុរសជនជាង១២ម៉ឺននាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ ១លាន ២៧ម៉ឺនដុល្លារ។

ទន្ទឹមពេលជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ថែមថា នៅពេលសប្បុរសជនស្កែន QR Code ដើម្បីបរិច្ចាគ, សូមមេត្តាពិនិត្យមើលឈ្មោះគណនីដែលលេចលើអេក្រង់ទូរសព្ទរបស់លោកអ្នក ដើម្បីចៀសវាងករណីមានជនខិលខូចក្លែងបន្លំ QR Code ផ្ទាល់ខ្លួន។ QR Code ដែលត្រឹមត្រូវរបស់មូលនិធិគន្ធបុប្ផាកម្ពុជា, នៅពេលស្កែនដើម្បីបរិច្ចាគនឹងឃើញឈ្មោះ «មូលនិធិគន្ធបុប្ផាកម្ពុជា» ជាអ្នកទទួល នៅលើអេក្រង់ទូរសព្ទរបស់លោកអ្នក (ដូចមានរូបគំរូខាងក្រោម)។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕