(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប២៤នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា បទល្មើសដែលពាក់ព័ន្ធជនសង្ស័យទាំង២៤នាក់នេះរួមមាន៖

*ទី១៖ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឃាត់ជនសង្ស័យ១០នាក់ បង្រ្កាបដោយនគរបាលខណ្ឌសែនសុខ ដកហូតវត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួនជិត៣គីឡូក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនWY១៧៤គ្រាប់

*ទី២៖ ករណីបង្រ្កាបក្មេងទំនើង១០នាក់ ក្រុមមាន់ទឹកMT និងក្រុមកាកាប BBK ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេង និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បង្រ្កាបដោយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលខណ្ឌបឹងកេងកង

*ទី៣៖ ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតកែច្នៃ) ឃាត់ខ្លួនក្មេងទំនើង៣នាក់ បង្រ្កាបដោយកម្លាំងនគរបាលខណ្ឌមានជ័យ

*ទី៤៖ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀន៦កញ្ចប់តូច បង្រ្កាបដោយកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕