(ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គម នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាមេដឹកនាំដ៏មានឥទ្ធិពល បានបញ្ជាក់ថា ការសម្រេចចិត្តមិនចូលរួមសន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន វាជាសិទ្ធិរបស់កម្ពុជា ហើយសូមកុំទម្លាក់កំហុសឱ្យចិន។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមាន កាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ ដោយពួកគេគេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន សម្តេចបានជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម។ សម្តេចបានបញ្ជាក់ថា សម្តេចក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ សម្តេចបានប្រាប់គាត់បន្ថែមថា មុនសន្និសីទ ពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។

សម្តេចបានបន្តថា៖ «ខ្ញុំក៏និយាយបែបនេះ ទៅកាន់អគ្គនាយក CIA នៅថ្ងៃ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ?»

សម្តេចបានបញ្ជាក់ទៀតថា៖ «កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ»។

សម្តេចបានស្នើទៅកាន់មជ្ឈដ្ឋានអន្តរជាតិថា កុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ។

យោងតាមសារព័ត៌មានបរទេស បានចេញផ្សាយថា មេដឹកនាំពិភពលោកជាច្រើនជាង១០០ប្រទេស ត្រូវបានអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ក្នុងនោះប្រទេសអឺរ៉ុបជាច្រើន នឹងចូលរួមបូករួមទាំងអាមេរិក (អនុប្រធានាធិបតី Kamala Harris ចូលរួម), ប្រទេសរុស្ស៉ី មិនត្រូវបានអញ្ជើញឱ្យចូលរួមទេ, ចំណែកចិនប្រកាសថា មិនចូលរួម។ ចំណែកប្រទេសអាស៊ីអាគ្នេយ៍ មួយចំនួនបានបញ្ជាក់អំពីការចូលរួមរបស់ខ្លួនរួចហើយ គឺទីម័រឡេស្ត, ហ្វីលីពីន, សិង្ហបុរី និងថៃ។ ចំណែកប្រទេស ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម ប្រ៊ុយណេ និងឡាវ មិនទាន់បញ្ជាក់នៅឡើយ៕