(ភ្នំពេញ)៖ មេសហជីពនៅកម្ពុជា បានចាត់ទុករបាយការណ៍របស់អង្គការសង់ត្រាល់ ថាមានភាពលម្អៀងដោយមិនអាចទទួលយកបាន និងមានចរិតបង្កឲ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជាឡើយ។ ការលើកឡើងរបស់មេសហជីពនៅកម្ពុជាបែបនេះ បន្ទាប់អង្គការសង់ត្រាល់ បានចេញរបាយការណ៍មួយស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា កាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២៤។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានគូសបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។

លោក សំ សឿន បញ្ជាក់ទៀតថា៖ «វាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅកម្ពុជានោះទេ ហើយវិស័យការងារនៅកម្ពុជាកាន់តែប្រសើរឡើង ហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗ»។

លោកបញ្ជាក់ទៀតថា អង្គការសង់ត្រាល់គួរតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់ និងលម្អិតជាងនេះ មុននឹងចេញរបាយការណ៍ ដោយមិនត្រូវកំណត់យកតែមតិភាគតិច ហើយសន្និដ្ឋានជារួមឡើយ។

ទន្ទឹមនឹងនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានគូសបញ្ជាក់ថា ការលើកឡើងរបស់អង្គការសង់ត្រាល់ គ្មានភាពជាក់ស្តែងដែលអាចឱ្យគ្រប់ភាគីទទួលយកបាន។

លោក អ៊ុន ដារ៉ា បញ្ជាក់ថា៖ «អ្វីដែលលើកឡើងថាបានគាបសង្កត់សិទ្ធិសេរីភាពនោះវាមិនមែនជាការពិត អីចឹងអ្វីដែលសង់ត្រាល់លើកឡើងខ្ញុំបដិសេធទាំងស្រុង ដោយមិនត្រូវយកមួយជ្រុងតូចមកប្រៀបធៀបព្រៃដ៏ធំឡើយ»។

ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានរិះគន់របាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដែលអាចទទួលយកបានដ្បិតអីសម្ភាសន៍មនុស្សតែ១០រូបហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា បច្ចុប្បន្នចំនួនសហជីពនៅកម្ពុជា មានការកើនឡើងពីជាង៣ពាន់នៅឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅឆ្នាំ២០២៤។ ចំពោះការកើនឡើង នៃសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈពេលខ្លីនេះ ត្រូវបានគេមើលឃើញថា កម្ពុជាគឺជាឋានសួគ៌នៃសេរីភាពសហជីពដែលគ្មានការរើសអើង៕

របាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ