(ភ្នំពេញ)៖ កម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ អធិការដ្ឋានខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានបន្តចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពិសេសតាមគោលដៅស្មុកស្មាញ ដើម្បីធានារក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ក្រៅពីការយកចិត្តទុកដាក់ជូនដំណឹង ជាមួយការសម្រង់ប្រមូលទិន្នន័យលើការផ្ដល់សេវាផ្នែកសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ រហូតឈានដល់ធ្វើការចែកសម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋ។

បើតាមនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ, លោកវរសេនីយ៍ត្រី សឿន សុផាត បានឲ្យដឹងថា ការបញ្ជាដឹកនាំនូវរៀងរាល់ការបើកកិច្ចប្រជុំ និងការបញ្ជាត្រង់របស់លោកចៅសង្កាត់, លោកអធិការខណ្ឌ, លោកអភិបាលខណ្ឌ, ពិសេសអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែបានរម្លឹកជាប់ជាប្រចាំ ក្នុងការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ទាំងលើសកម្មភាពល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពិសេសតាមគោលដៅស្មុកស្មាញ សំដៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូជាការអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច។

លោកវរសេនីយ៍ត្រី សឿន សុផាត បានឲ្យដឹងទៀតថា ក្រៅពីការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អប្រសើរក្នុងមូលដ្ឋាន, កម្លាំងប៉ុស្ដិ៍សង្កាត់ឃ្មួញ បានយកចិត្តទុកដាក់ចំពោះការសម្រង់ប្រមូលទិន្នន័យលើការផ្ដល់សេវាផ្នែកសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ក្រោយពីបានជូនដំណឹងជាបន្តបន្ទាប់ រហូតឈានដល់ធ្វើការចែកសម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋ៕