(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ ដោយកិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យមើលតួនាទីភារកិច្ច របស់ក្រសួងសុខាភិបាល ក្នុងការអនុវត្ដគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

ថ្លែងបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានស្វាគមន៍ និងថ្លែងនូវការកោតសរសើរចំពោះក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងយ៉ាងសកម្មក្នុង ការចូលរួមឆ្លើយតបនឹងមេរោគអេដស៍។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីក៏ថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងឈានមកដល់ការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ។

ដោយទទួលបានការអនុញ្ញាតពីលោកទេសរដ្ឋមន្រ្តី, លោកស្រី អុង សុភាវី ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ បានមានចំណាប់អារម្មណ៍ និងបង្ហាញខ្លួនសមាជិកគណៈកម្មាធិការ។ ក្នុងនោះលោកស្រីបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានរៀបចំកែសម្រួលសមាសភាព គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ ធ្វើផែនការសកម្មភាព និងផែនការថវិកា ព្រមទាំងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួង និងបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាន់ពេលវេលា។ បន្ថែមពីលើនេះ ក្រសួងក៏បានរៀបចំកិច្ចប្រជុំ ជាមួយសមាសភាពតាមអង្គភាពស្តីពីផែនការយុទ្ធសាស្រ្តផងដែរ។ បន្ទាប់មកលោកស្រី សម្បត្តិ រតនា បានធ្វើបទបង្ហាញស្តីពីផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដែលជាគោលដៅក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងជំងឺកាមរោគ។

បន្ទាប់ពីបទបង្ហាញ កិច្ចប្រជុំបានពិភាក្សាអំពីចំណុចសំខាន់ៗ ក្នុងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ដែលត្រូវធ្វើឱ្យសម្រេច។

ក្នុងនោះលោកទេសរដ្ឋមន្រ្តីបានផ្តល់ប្រសាសន៍ណែនាំឱ្យយកចិត្តទុកដាក់ ក្នុងការពង្រឹងប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យដូចជា៖
ទី១- ធ្វើឱ្យដំណើរការគណៈកម្មាធិការអេដស៍គ្រប់លំដាប់ថ្នាក់។
ទី២- រៀបចំផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់។
ទី៣- ចាត់វិធានការឱ្យអង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិលចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលផ្តល់ហិរញ្ញប្បទាន ឬអនុវត្តកម្មវិធីអេដស៍ ឱ្យចូលរួមក្នុងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។
ទី៤- ចាត់វិធានការឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុញ្ញាតឱ្យតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ និងតំណាង សហគមន៍ងាយរងគ្រោះ ចូលរួមក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ យន្តការពាក់ព័ន្ធនឹងការ ឆ្លើយតបមេរោគអេដស៍នៅគ្រប់លំដាប់ថ្នាក់។
ទី៥- ចាត់វិធានការលើកទឹកចិត្តវិស័យឯកជន ឱ្យចូលរួមក្នុងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការផ្តល់របាយការណ៍ទៀងទាត់អំពីរាល់ សកម្មភាពបង្ការការពារ ថែទាំ ព្យាបាល និងតាមរយៈការចូលរួមជាទៀងទាត់ក្នុងកិច្ចប្រជុំ ឬវេទិកាពិគ្រោះយោបល់។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្រ្តីក៏បានណែនាំលម្អិត ពីការចូលរួមអនុវត្តគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រីក ពង្រឹង និងពន្លឿន កម្មវិធីបង្ការ ការពង្រីក ពង្រឹង ពន្លឿនកម្មវិធី ថែទាំនិងព្យាបាល ការពង្រឹង ពង្រីក និងពន្លឿនកម្មវិធីគាំពារសង្គម បញ្ចប់ការរើសអើង និងមាក់ងាយ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃផងដែរ។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានថ្លែង អំណរគុណលោកស្រីប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញភារកិច្ច និងបានជូនពរលោកស្រី ព្រមទាំងសមាជិកអង្គប្រជុំឱ្យជួប ប្រទះតែជោគជ័យ និងបន្តធ្វើការងារជាមួយគ្នាឱ្យសម្រេចជោគជ័យ៕