(ឧត្តរមានជ័យ)៖ វេជ្ជបណ្ឌិត ស៊ឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ខេត្តឧត្តរមានជ័យមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៦៣៦នាក់ ដែលអ្នកពាក់ព័ន្ធត្រូវបន្តការបិទផ្សាយពីហានិភ័យ និងការប្រើប្រាស់ស្រោមអនាម័យ១០០%។

លោកលើកឡើងបែបនេះក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ គណៈកម្មាធិការ-លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត និងពិនិត្យលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំឆ្នាំ២០២៣ ដែលមានសមាសភាពចូលរួម ជាដឹកនាំ កងកម្លាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប្រធានគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងអង្គភាពជុំវិញ ខេត្ត អាជ្ញាធរនិងអង្គការដៃគូពាក់ព័ន្ធ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ក្នុងនាមអភិបាលខេត្ត លោកស្រី មុំ ពុទ្ធីតា អភិបាលរងបានមានប្រសាសន៍ថា បញ្ហាអេដស៍គឺបញ្ហាសុខភាពដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ កុំឱ្យមានការរីករាលដាលបន្តទៀតក្នុងទិសដៅរួមគ្នា៩៥-៩៥-៩៥។

ថ្លែងក្នុងនាមលោក អៀង ម៉ូលី ទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាសនោះ វេជ្ជបណ្ឌិត ស៊ឹម គឹមសាន អនុប្រធាន បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំរបស់គណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ថ្នាក់ទូទាំងខេត្តឧត្តរមានជ័យដែលខិតខំរួមគ្នាអនុវត្តតាមផែនការពិសេសបានបង្កើតគណៈកម្មាធិការនិង លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តតាមសេចក្តីសម្រេចលេខ ០០៥/២៤ ដក.ឧជ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ វេជ្ជបណ្ឌិត ស៊ឹម គឹមសាន បានបន្តថា ទឹកស្ងប់មិនប្រាកដថាគ្មានត្រីនោះទេ ខេត្តឧត្តរមានជ័យដែលមានប្រជាជនសរុប ២៦៧ ៥៧៦នាក់ មានអ្អ្នកផ្ទុកមេរោគអេដស៍ប្រមាណ៦៣៦នាក់ ដែលតម្រូវឱ្យមន្ទីរទេសចរណ៍ខេត្តសហការជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ បៀរកាឌិន កន្លែងកោសជប់ បិទផ្សាយពីហានិភ័យនៃការឆ្លងអេដស៍ និងវិធានការនៃការ ប្រើប្រាស់ស្រោម អនាម័យ១០០% ធ្វើការអប់រំផ្សព្វផ្សាយដល់ក្រុមដែលមានគូដៃច្រើនឱ្យយល់ដឹងពីប្រភេទនៃការប្រើប្រាស់ថ្នាំ PrEP PEP និងវិទ្យាសាស្ត្រ៕