(ភ្នំពេញ)៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ក្រោមការណែនាំរប​ស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តី អាជ្ញាធរមូលដ្ឋាន​ និងគណៈកម្មការផ្សារធំថ្មី ចុះពិនិត្យមើលផ្ទាល់ស្ថានភាពលក់ដូរជាក់ស្តែងនៅក្នុងផ្សារ​ ក្រោយមានជនអគតិ បានថតរូបតូបលក់ដូរ នៅពេលព្រលឹម ជាម៉ោងដែលក្រុមអាជីវករមិនទាន់បើកទ្វារតូបនៅឡើយ។

លោក ចាប ឌីណា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បងប្អូនអាជីវករនៅក្នុងផ្សារធំថ្មី កំពុងបន្តលក់ដូរជាធម្មតា ហើយមានបងប្អូនប្រជាពលរដ្ឋ និងអតិថិជនជាច្រើននាក់ បានចូលមកផ្សារ ដើម្បីទិញទំនិញ និងអាហារហូបចុក ពោលមិនដូចរូបថតដែលគេបង្ហោះចែកចាយនោះឡើយ។

សូមបញ្ជាក់ថា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលនូវរូបភាពដែលបានចែកចាយ នៅលើបណ្ដាញសង្គមថា អាជីវករផ្សារធំថ្មី នាំគ្នាបិទតូបមិនប្រកបអាជីវកម្ម។

លោកបានអះអាងថា រូបថតដែលត្រូវបានគេចែកចាយឃើញតូបរបស់អាជីវករបិទទ្វារនោះ គឺថតនៅព្រឹកព្រលឹម មុនពេលពួកគាត់បើកតូបប្រកបអាជីវកម្ម។ លោកបានគូសបញ្ជាក់ថា «នៅថ្ងៃទី០៧ ខែមិថុនានេះ អាជីវករផ្សារធំថ្មី ក៏ដូចជាអាជីវករនៅគ្រប់ផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ កំពុងតែប្រកបអាជីវកម្មតាមធម្មតា មិនមានអ្វីទៅបង្កការរំខានដល់ការ ប្រកបរបរទទួលទានរបស់ពួកគាត់ឡើយ»។

សូមជម្រាបថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវរូបភាពប៉ុន្មានសន្លឹកនៃតូបលក់ដូរស្ថិតក្នុងផ្សារធំថ្មី ដោយប្រឌិតថា អាជីវករនាំគ្នាបិទតូបមិនលក់ដូរឡើយ៕