(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បន្តយុទ្ធនាការផ្សព្វផ្សាយ និងហាមឃាត់រាប់មុខទំនិញខូចគុណភាព ផុតកាលាបរិច្ឆេទ ដែលបង្កប៉ះពាលសុខភាពរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីផ្សារ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ត្រូវបានធ្វើក្រោមការចង្អុលបង្ហាញពី រដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃនាយកដ្ឋានកាំកុងត្រូលពិសេស ហើយមន្ដ្រីជំនាញបានធ្វើការដកហូត ទឹកក្រូចដប២៦១ដប ទឹកផ្លែឈើ៣៦ដប ទឹកក្រូចដបជ័រ៨ដប មីកំប៉ុង៨៨កំប៉ុង ប័រកំប៉ុង៤កំប៉ុង ម្សៅស៊ុបដុំ៧២ដុំ ម្សៅស៊ុបរ៉តឌី៥០កញ្ចប់ ទឹកដោះគោក្មេង១៨ដប ទឹកជ្រលក់១១ដប ទឹកក្រូចឆ្មា៧ដប ដើម្បីយកទៅដុតម្ទេចចោល។
ជាមួយគ្នានោះដែរ មន្ដ្រីជំនាញបានធ្វើការណែនាំ ដល់បងប្អូនអាជីវករ តាមដេប៉ូចែកចាយ តាមផ្សារ ទាំងក្នុងទីរួមខេត្ត និងតាមផ្សារក្នុងស្រុកចុងកាត់មាត់ញក ឲ្យអាជីវករយល់ដឹងពីផលប៉ះពាល់ ចេះត្រួតពិនិត្យមើលកាលបរិច្ឆេទ និងអំពាវនាវដល់អាជីវករត្រូវបញ្ឈប់សកម្មភាពលួចលក់ទំនិញខូចគុណភាពបន្តទៀត ព្រោះវាជាអំពើខុសច្បាប់ និង សម្លាប់មនុស្សដោយប្រយោល។
លោកបានសង្កត់ធ្ងន់ថា ក្នុងករណីមិនរាងចាលនៅពេលសមត្ថកិច្ចកាំកុងត្រូលរកឃើញថា ឈ្មួញនៅតែបន្តលក់ទំនិញខូចគុណភាព តាមទីផ្សារទៀត កម្លាំងជំនាញនឹងកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕