(ហ្សាការតា)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ពីថ្ងៃទី១០ ដល់ ១៣ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងសំខាន់ នៃទស្សនកិច្ចការងារនេះ គឺដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដោយផ្អែកលើជោគជ័យនៃវិស័យកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់។

អគ្គលេខាធិការអាស៊ាន នឹងជួបជាមួយតួអង្គពាក់ព័ន្ធជាច្រើន រួមទាំង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំសភា ដៃគូវិស័យឯកជន ផ្នែកសិក្សាធិការ ស្ថាប័នវិភាគសិក្សាស្រាវជ្រាវ អ្នកជំនាញ មេដឹកនាំសាកលវិទ្យាល័យ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ដើម្បីពង្រឹងការទូតសាធារណៈអាស៊ាន និងឱ្យមើលឃើញអាស៊ានកាន់តែច្បាស់បណ្ឌិត កៅ គឹមហួន គ្រោងដាក់ដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-United States Center’s Speakers Series) ព្រមទាំងចូលរួមថ្លែង ស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក៖ ដៃគូសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន»។

អគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបសន្ទនាជាមួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ព្រមទាំងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដើម្បីជជែកពិភាក្សាលើបញ្ហាសំខាន់ៗ នៅក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមមាន សន្តិភាព សន្តិសុខ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាដើម។

ក្នុងអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិក បណ្ឌិត កៅ គឹមហួន ក៏នឹងជួបជាមួយគណៈកម្មាធិការអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលគាត់នឹងពិភាក្សាអំពីស្ថានភាពពេលបច្ចុប្បន្ន និងទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ព្រមទាំង ផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីរបស់គណៈកម្មាធិការនេះ ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក៕