(ភ្នំពេញ)៖ មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ និងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធផងនោះ បានបាញ់សម្លាប់ខ្លួនឯង នៅពេលដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធ តាំងពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ នៅពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើសបានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ចទាំងកម្រោល តែមិនមានអ្នករងរបួសឡើយ។ ដោយឡែក កម្លាំងនគរបាលក៏មិនបានបាញ់តបតវិញនោះដែរ។
ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន នៅក្នុងខណ្ឌឬស្សីកែវ ក្រោមការបញ្ជាជាប់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
តាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនល្មើសរូបនេះធ្លាប់ជាប់ពន្ធនាគារ ក្រោយចាប់ និងឃុំខ្លួនពាក់ព័ន្ធជួញដូរគ្រឿងញៀន និងជួញដូរអាវុធ។ ជនល្មើសរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញរបស់មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ធ្វើការតាមដានយូរណាស់មកហើយ រហូតធ្វើការបង្ក្រាបនៅពេលនេះតែម្តង។
ក្រោយធ្វើការឡោមព័ទ្ធ ទំនងមិនអាចមានផ្លូវគេចខ្លួននោះ ជនល្មើសបានបាញ់សម្លាប់ខ្លួនឯងតែម្តង។ សូមបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ មិនបណ្តាលឲ្យមន្រ្តីនគរបាល និងពលរដ្ឋរូបណារងរបួស ឬរងគ្រោះថ្នាក់នោះឡើយ បើទោះបីជនល្មើសបាញ់ជាច្រើនគ្រាប់ក៏ដោយ៕