(កំពង់ស្ពឺ)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពីបក្ស​របស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង និងបាត់បង់ជំនឿ​ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ជាពិសេសការបែកបាក់ខ្ចាត់ខ្ចាយ​ក្នុងចំណោម​មេ​ដឹកនាំបក្សប្រឆាំង។

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សមាជិកគណៈកម្មាធិការប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន នៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន១៤រូបទៀតហើយ បាន​ប្រកាសដើរចេញពីគណបក្សភ្លើងទៀន។

មូលហេតុនៃការសម្រេចចិត្តដើរចេញពីបក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមក​ពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការ​បែក​បាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។

ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹង​មាន​ការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។

ទន្ទឹមនឹងការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ សមាជិកគណៈកម្មាធិការប្រតិបត្តិទាំងនេះ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។

ពេលនេះពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ៕