(ភ្នំពេញ)៖ នៅសាលា «អន្តរជាតិសឹង្ហបុរី» ពេញមួយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ មានបើកវគ្គផ្សព្វផ្សាយមួយស្តីអំពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់់» ដែលត្រូវបានរៀបចំឡើង រវាងអគ្គនាយកដ្ឋានកាំកុងត្រូល និងសាលាផ្ទាល់តែម្តង ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាដោយមានការចូលរួមពីសិស្សានុសិស្សចំនួន ៣៧០នាក់ និងលោកគ្រូ អ្នកគ្រូមួយចំនួនទៀត។
វគ្គផ្សព្វផ្សាយនេះ បានលើកឡើងនូវប្រធានបទសំខាន់ៗចំនួន ក្នុងគោលបំណង ណែនាំឲ្យសិស្សានុសិស្ស មានការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពចំណីអាហារ ផលប៉ះពាល់នៃសារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ក៏ដូចជា កង្វះអនាម័យក្នុងចំណីអាហារជាដើម។ លើសពីនេះមន្ត្រីជំនាញកាំកុងត្រូល បានបង្ហាត់បង្ហាញដល់សិស្សឲ្យមានការយល់ដឹង អំពីវិធីសាស្ត្រធំៗទាំង៤ ក្នុងការកំចាត់ និងទប់ស្កាត់ការរីករាលដាល នៃបាក់តេរីក្នុងចំណីអាហារផងដែរ។ វគ្គផ្សព្វផ្សាយ ក៏បានដាក់បញ្ចូលផងដែរ នូវចំណេះដឹងជាមូលដ្ឋានទាក់ទងទៅ នឹងបទដ្ឋានគតិយុត្តិ និងទោសបញ្ញត្តិ ចំនួនដែល មានចែងក្នុង ច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា តួនាទីនិង កតព្វកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការទប់ស្កាត់ការហូរចូល ទំនិញគ្មានសុវត្ថិភាពតាមព្រំដែន ការបង្ក្រាបការបទល្មើសក្នុងការផលិត ចែកចាយ ម្ហូបអាហារគ្មាន សុវត្ថិភាពក្នុងផ្ទៃប្រទេស ការទទួលខុសត្រូវ របស់អ្នកលក់ដូរម្ហូបអាហារ និងតួនាទីរបស់ អ្នកប្រើប្រាស់ទៀតផង។ សារៈសំខាន់របស់អាហាររូបត្ថម្ភ ពិសេសសារធាតុ អ៊ីយ៉ូត ក៏ត្រូវបានដាក់បញ្ចូលក្នុងវគ្គផ្សព្វផ្សាយនេះដែរ។
លោក ខៀវ បញ្ញាវឌ្ឃន៍ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា «ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសចំណីអាហារប្រកបដោយសុវត្ថិភាព ពុំមែនជាភាពតានតឹង ជាការកៀបសង្កត់សេរីភាពខ្លួនឯង ឬជាការដាក់ទណ្ឌកម្មខ្លួនឯង នោះទេ ផ្ទុយទៅវិញ វាជាការ ប្រើប្រាស់សិទ្ធជ្រើសរើសម្ហូបអាហាររបស់ខ្លួន ក្នុងនាមជាអ្នក ប្រើប្រាស់ម្នាក់»។ លោកបានបន្តថា សុវត្ថិភាពចំណីអាហារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កំណត់យកជា «វិស័យអទិភាពទីមួយ» ក្នុងចំណោមវិស័យអទិភាពទាំង១២។
លោក ខៀវ បញ្ញាវឌ្ឃន៍ បានសង្កត់ធ្ងន់ថា ជនល្មើសដែល នាំចូលផលិត ចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ត្រូវប្រឈមមុខនឹងទោសរដ្ឋប្បវេណី ដែលត្រូវផាកពិន័យ ជាទឹកប្រាក់ ពី៥០០.០០០ រៀល ទៅ ១០,០០០,០០០រៀល និងប្រឈមមុខនឹងទោស ព្រហ្មទណ្ឌ ដែលត្រូវជាប់ពន្ធធនាគារពី១ខែដល់១ឆ្នាំ។ លោកបាន ពញ្ញាក់បន្ថែមថា ក៏ប៉ុន្តែយើងជាអ្នកប្រើប្រាស់ត្រូវទទួលទោសប្រហារជីវិត ហើយអ្នកដែលប្រហារជីវិតយើងនោះ គឺ «អាហារដែលគ្មានគុណភាពនោះឯង»។
លោក អនុប្រធានសាខា ក៏បានពាំនាំការអំពាវនាវរបស់លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូលដល់បងប្អូនអាជីវករ ពាណិជ្ជកម្ម មេត្តាបន្តកិច្ចសហការជាមួយសមត្ថកិច្ច អនុវត្តច្បាប់ពាក់ព័ន្ធ និងរួមចំណែក អនុវត្តតាមគោលការណ៍ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវឲ្យបានខ្លាំងក្លាបំផុត៕