(ក្រចេះ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគ ជូនមន្ត្រីអនុគណៈកម្មាធិការវិនិយោគខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយពាក់ព័ន្ធការវិនិយោគ ក៏ដូចជាការផ្តល់សេវាក្នុងវិស័យនេះឱ្យកាន់តែល្អប្រសើរ។
សិក្ខាសាលាបានរៀបចំឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សិក្ខាសាលានេះក៏បានមានការអញ្ជើញចូលរួមពីលោក ដួង ពៅ អភិបាលរងខេត្តក្រចេះ, លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងតំណាងសភាពាណិជ្ជកម្មខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តសរុបប្រមាណចំនួន ១១៩រូប។
លោក ដួង ពៅ បានថ្លែងអំណរគុណ និងសម្តែងសេចក្តីសោមនស្សចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តក្រចេះផងដែរ។
លោក ទ្រី ដាលុច បានលើកឡើងក្នុងពិធីនោះថា ការជំរុញកំណើនសេដ្ឋកិច្ចជាតិជាគោលនយោបាយដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រេចគោលដៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ការវិនិយោគជាកត្តាលីករដ៏ចាំបាច់បំផុត។
អាស្រ័យហេតុនេះហើយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាសេនាធិការរបស់សម្តេចធិបតីលើកិច្ចការវិនិយោគនេះ បានប្រឹងប្រែងដាក់ចេញយុទ្ធសាស្ត្រនានា បូករួមជាមួយការកែលំអបរិស្ថានការងាររបស់មន្ត្រីពាក់ព័ន្ធការវិនិយោគ ដើម្បីជួយសម្រួលការងារដល់អ្នកវិនិយោគ ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោក ទ្រី ដាលុច បានគូសរំលេចថា សិក្ខាសាលាដែលធ្វើឡើងជាចំណែកមួយសំដៅការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគ។ តាមរយៈការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនេះ នឹងរួមចំណែកឱ្យការផ្តល់សេវានានាកាន់តែល្អប្រសើរ។
សម្រាប់លោក ទ្រី ដាលុច ការផ្តល់សេវាបានល្អប្រសើរលឿនរហ័យ និងឈរលើភាពត្រឹមត្រូវជារឿងដែលអ្នកវិនិយោគចង់បាន និងទាក់ទាញចិត្តពួកគេឱ្យកាន់តែពេញចិត្តរកស៊ីនៅកម្ពុជា។
លោក ទ្រី ដាលុច ក៏បានជម្រាបដល់សិក្ខាកាម ក៏ដូចជាអ្នកចូលរួមក្នុងសិក្ខាសាលានោះដែរថា តាមរយៈច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធការវិនិយោគនេះ អនុគណៈកម្មាធិការវិនិយោគនៅតាមខេត្ត បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា,ការលុប និងការដោះស្រាយវិវាទពាក់ព័ន្ធគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាម៉េរិកចុះក្រោម។ តាមរយៈការប្រតិភូកម្មសិទ្ធិអំណាចក្នុងការអនុវត្តភារកិច្ចនេះ ជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
អគ្គលេខាធិការរង បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់កម្មវិធីភាពជាដៃគូកម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលភាសាអង់គ្លេសហៅថា Cambodia-Australia Partnership for Resilient Economic Development ហៅកាត់ CAPRED ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រទីតាំងប្រារព្ធសិក្ខាសាលា ព្រមទាំងកិច្ចសហការយ៉ាងស្អិតល្មួត តាមរយៈការចុះអនុស្សារណៈយោគយល់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើការផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់វិនិយោគជូនទៅដល់បណ្ដាអនុគណៈកម្មាធិការវិនិយោគខេត្ត។
ក្នុងពិធីបើកសិក្ខាសាលានេះ លោកអគ្គលេខាធិការរង ក៏បាននាំនូវវត្ថុអនុស្សាវរីយ៍ក្រមា, ថវិកាចំនួន ១០០,០០០រៀល ជូនដល់សិក្ខាកាម និងកម្រងឯកសារ រួមមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគ ព្រមទាំងឯកសារបទបង្ហាញរបស់វាគ្មិនជូនដល់សិក្ខាកាមផងដែរ។
លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់នូវសិក្ខាសាលានេះ និងថ្លែងអំណរគុណលោក ទ្រី ដាលុច ដែលបានដឹកនាំក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមកចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគសម្រាប់រដ្ឋបាលខេត្តយកទៅអនុវត្ត។
សិក្ខាកាមចូលរួមក៏បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕