(ភ្នំពេញ)៖ ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះនឹងវិបត្តិ និងបញ្ហាប្រឈមជាច្រើន ក្នុងនោះរួមមាន កំណើនយឺតនៃការងើបឡើង នូវសេដ្ឋកិច្ចសកល ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហានៅមជ្ឈិមបូព៌ា។ ឆ្លើយតបទៅនឹងបញ្ហាសកលទាំងនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិនបានដាក់ចេញនូវ «គំនិតផ្តួចផ្តើមអរិយធម៌សកល» កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហារួមរបស់មនុស្សជាតិ និងលើកកម្ពស់សន្តិភាពពិភពលោក ផ្អែកលើគោលការណ៍ស្នូលចំនួន ៤ គឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេន និងនវានុវត្តន៍លើអរិយធម៌ និង ៤-ការពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

គំនិតផ្តួចផ្តើមអរិយធម៌សកល ត្រូវបានមើលឃើញថាជាទំនិញសាធារណៈសកលមួយទៀត កើតចេញពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការកសាងសហគមន៍សកលវាសនារួម ប្រកបដោយសន្តិភាព និងវិបុលភាព ដែលត្រូវបានសហគមន៍អន្តរជាតិស្វាគមន៍ និងគំាំទ្រជាបន្តបន្ទាប់។ ខុសពីប្រទេសមួយចំនួនដែលតែងព្យាយាមធ្វើសកម្មភាពនានា ដើម្បីទប់ស្កាត់ការងើបឡើងរបស់ចិន និងបំផុសផ្នត់គំនិតសង្រ្គាមត្រជាក់ ដែលគំរាមកំហែងដល់ស្ថិរភាពពិភពលោក ប្រទេសចិនតែងតែព្យាយាមចែករំលែក បទពិសោធន៍ជោគជ័យ និងនវានុវត្តភាពរបស់ខ្លួន ទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកសាងសន្តិភាព ដូចបានស្តែងចេញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយប្រទេសនានានៅជុំវិញពិភពលោក។

តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនបានដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក ការផ្លាស់ប្តូរអន្តរវប្បធម៌ ការលើកកម្ពស់ការកសាងសន្តិភាពក្នុងតំបន់ និងការដោះស្រាយវិវាទនានាដោយសន្តិវិធី។ សមិទ្ធផលដ៏លេចធ្លោមួយ របស់ចិន ដែលមិនគួរមើលរំលងនោះ គឺភាពជោគជ័យក្នុងការសម្របសម្រួល ឱ្យមានការស្តារទំនាក់ទំនងការទូត រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលបានផ្តាច់ចំណងការទូតកាលពីឆ្នាំ២០១៦ រហូតមានការបើកស្ថានទូតឡើងវិញ នៅដើមខែមេសា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ចិនក៏បានដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាអ្នកសម្របសម្រួល ក្នុងវិបត្តិនៅអ៊ុយក្រែន តាមរយៈការដាក់ចេញនូវសំណើ ១២ ចំណុច សម្រាប់ដំណោះស្រាយ ផ្នែកនយោបាយរវាងរុស្ស៊ី និងអ៊ុយក្រែន។

នាពេលថ្មីៗនេះ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ប្រទេសចិន និងប្រេស៊ីលបានដាក់ចេញនូវកុងសង់ស៊ីស ០៦ ចំណុច ស្តីពី «ការយល់ឃើញដូចគ្នាចំពោះដំណោះស្រាយ ផ្នែកនយោបាយក្នុងវិបត្តិអ៊ុយក្រែន» ដែលក្នុងនោះប្រទេសទាំងពីរបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ នូវគោលការណ៍ចំនួន៣ ពោលគឺ (១) គ្មានការពង្រីកសមរភូមិ (២) គ្មានការបង្កើនការប្រយុទ្ធ និង (៣) គ្មានការញុះញង់ពីភាគីណាមួយ និងការទទួលស្គាល់ថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់សម្រាប់ ការដោះស្រាយវិបត្តិអ៊ុយក្រែន។ ទោះបីមិនមែនជាភាគីពាក់ព័ន្ធក្នុងវិបត្តិអ៊ុយក្រែន ចិន ក្នុងនាមជាមហាអំណាចមួយ នៅតែព្យាយាមរួមចំណែកតាមលទ្ធភាពដែលខ្លួនមាន ក្នុងការជំរុញការដោះស្រាយវិបត្តិខាងលើ ដែលនេះបានបង្ហាញពីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ចិនក្នុងការដោះស្រាយជំលោះ។

តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ប្រទេសចិនក៏បានយកចិត្តខ្ពស់ដល់ការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសនានា ដែលនេះបានក្លាយទៅជាមូលដ្ឋានដ៏រឹងមាំ ក្នុងការពង្រឹងការយល់ដឹងអំពីវប្បធម៌ផ្សេងៗគ្នា និងការរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ជាក់ស្តែង ប្រទេសចិន និងកម្ពុជាបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងបានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាង ប្រជាជនទាំងពីរ ជាពិសេសរវាងយុវជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភាគីទាំងពីរបានរៀបចំការសម្ដែងរួមគ្នានៃក្បាច់គុនសៅលីង មកពីខេត្តហឺណាន និងក្បាច់គុនខ្មែរល្បុក្កតោ នៅលើទឹកដីអង្គរ កាលពីចុងខែមេសា ឆ្នាំ២០២៤ ដែលការណ៍នេះមិនត្រឹមតែចូលរួម លើកកម្ពស់ការយល់ដឹងវប្បធម៌ រវាងប្រទេសទាំងពីរទេ តែថែមទាំងបង្កើនសាមគ្គីភាព និងមិត្តភាពដែកថែករវាងប្រជាជនទាំងពីរផងដែរ។

ជាការពិតណាស់ ក្នុងនាមជាប្រទេសដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងភាពចម្រុះនៃវប្បធម៌រវាងបណ្តាប្រទេសនានា និងបានផ្តល់តម្លៃខ្ពស់ដល់ការផ្លាស់ប្តូរអន្តរអរិយធម៌ ការប្រកាន់យកកិច្ចសន្ទនា និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍សកលវាសនារួម ប្រកបដោយវិបុលភាព ស្ថិរភាព និងសន្តិសហវិជ្ជមាន។ នេះជាគំរូដ៏ល្អមួយរបស់ចិនដែលបណ្តាប្រទេសនានា ជាពិសេសប្រទេសមហាអំណាច គួរសិក្សាឈ្វេងយល់ និងអនុវត្តតាម។

ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា