(ពោធិ៍សាត់)៖ ឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋដែលបានផ្ញើសារ តាមរយៈសារអេឡិចត្រូនិច Telegram គោរពជូនលោកអភិបាលខេត្ត ឱ្យជួយអន្តរាគមន៍ជួសជុលស្ពានឈើទ្រុឌទ្រោមមួយកន្លែង នៅភូមិផ្ទះចេក (ភូមិជ្រែង) ឃុំស្វាយលួង ស្រុកកណ្តៀង កាលពីព្រលប់ថ្ងៃម្សិលមិញនោះ, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ទីរជំនាញ ចុះត្រួតពិនិត្យដោយផ្ទាល់ និងអន្តរាគមន៍ជួសជុលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នសិន រងចាំការស្ថាបនាជាស្ពានប៉េតុងនាពេលខាងមុខ។

លោក ខូយ រីដា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឱ្យដឹងថា ពិតណាស់ស្ពានឈើមួយកន្លែងនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឱ្យស្ថាបនាឡើងវិញ ដើម្បីសម្រួលដល់ការធ្វើចរាចារណ៍ របស់ប្រជាពលរដ្ឋ និងងាយស្រួលដឹកជញ្ជូនជីកសិកម្ម យកទៅធ្វើស្រែនៅតំបន់នោះ។ តែដោយសារឃុំ បានលើកគម្រោងស្ពាននេះរួចរាល់ហើយ នៅឆ្នាំ២០២៥ខាងមុខ, ដូច្នេះបានជាលោក សម្រេចឱ្យធ្វើការជួសជុលស្ពានឈើនេះ បានប្រើប្រាស់ជាបណ្តោះអាសន្នសិន រងចាំការស្ថាបនាស្ពានប៉េតុងនាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ស្ពានឈើនេះជាប្រចាំ សូមមានការយោគយល់ អធ្យាស្រ័យ និងមានគំនិតចេះថែទាំជួសជុលស្ពាននេះ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

គួរជម្រាបជូនថា កាលពីវេលាម៉ោង ៩ និង១២នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ មានគណនីឈ្មោះ ប្រុក លេង (តំណាងឱ្យអ្នកភូមិផ្ទះចេក) បានគោរពស្នើសុំអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ឱ្យជួយស្ពានទ្រុឌទ្រោមមួយកន្លែង ស្ថិតភូមិផ្ទះចេក (ភូមិជ្រែង) ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោសាត់។

សំណើនេះ ត្រូវបានលោក ខូយ រីដា ទទួលបានតាមរយៈ សារអេឡិចត្រូនិច Telegram និងបានចែករំលែកបន្តដល់មន្ទីរជំនាញ ដើម្បីចុះពិនិត្យ និងអន្តរាគមន៍ជួយជុលស្ពានឈើនេះភ្លាមៗ ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់បណ្តោះអាសន្ន៕