(កំពង់ឆ្នាំង)៖ លោក លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសមាសភាព តួនាទីភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលលដ្ឋានឃុំទាំង១១ របស់ស្រុកដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យមានសកម្មភាពផុលផុសនៅតាមមូលដ្ឋានក្នុងស្រុកបរិបូណ៌ទាំងមូល ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឈានចូលដំណាក់កាលថ្មី សំដៅឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ពិធីនេះមានការអញ្ជើញចូលរួមពី សំណាក់អស់លោក-លោកស្រីមកពីតាមបណ្ដាក្រសួងនានា និងអភិបាលរងខេត្ត អភិបាលស្រុក និងអភិបាលរងស្រុកបរិបូណ៌ និងក៏មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមកពីតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ដែលសុទ្ធសឹងជាសមាជិករបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូរណ៍ជាច្រើនរូបផងដែរ។

នៅក្នុងពិធីខាងលើនេះដែរ បន្ទាប់ពីលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានឡើងប្រកាសសមាសភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងឃុំទាំង១១ របស់ស្រុកបរិបូរណ៍រួចមក លោក លី ណារុន បានអញ្ជើញឡើងមានប្រសាសន៍ទៅកាន់សមាជិករបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីខាងលើនេះថាជាដំបូងលោកសូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខប្រកបដោយ មនោសញ្ចេតនា សេចក្តីស្រឡាញ់ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមនៅទីនេះ។

នៅក្នុងពិធីប្រកាសតួនាទីភារកិច្ច និងបង្ហាញពីរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ខាងលើនេះដែរ, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ក៏បានផ្ដល់នូវអនុសាសន៍ ដ៏មានសារៈសំខាន់មួយចំនួនជូនដល់សមាជិករាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុ កបរិបូរណ៍ទាំងអស់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនីយភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទីតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ន នៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើរ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូរណ៍ បានបន្តថា ផ្អែកលើតួនាទីដ៏មានសារៈសំខាន់ខាងលើនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានភារកិច្ចសំខាន់ៗជាច្រើន ពិសេសគឺត្រូវសហការគាំទ្រដល់ មូលដ្ឋាន ដែលក្រុមការងារចុះបំពេញការងារធ្វើការវាយតម្លៃអំពីសមត្ថភាព ស្ថាប័ន ធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដើម្បីធ្វើការគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅជំរុញការអភិវឌ្ឍន៍មូលដ្ឋានការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕