(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមផ្ញើសារចូលរួមរំលែកទុក្ខជូនលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះមរណភាពរបស់ឧបាសក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាបងប្រុសបង្កើត កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ។

តាមរយៈសារលិខិតរំលែកទុក្ខលោក ឃួង ស្រេង បានរៀបរាប់យ៉ាងដូច្នេះថា៖ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំបំផុត ចំពោះការទទួលមរណភាពរបស់ឧបាសក ហេង ស៉ីវ៉ារ៉ូ ត្រូវជាបងប្រុសរបស់ឯកឧត្តម ដែលឧបាសកបានទទួលអនិច្ចកម្មនៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៤ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ឧបាសក ហេង ស៉ីវ៉ារ៉ូ គឺជាការបាត់បង់ដ៏ធំធេងនូវបងប្រុស ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និងការសណ្តោសប្រោសប្រណី គួរជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បងប្អូនកូនក្មួយ ព្រមទាំងក្រុមគ្រួសារនៃសពទាំងមូល ជាពិសេសក៏ជាការបាត់បង់នូវពលរដ្ឋដ៏ល្អឆ្នើមមួយរូប ដែលតែងតែរួមចំណែកលើកស្ទួយសង្គមជាតិនាពេលកន្លងមក។

ស្ថិតក្នុងសមានទុក្ខវិយោគសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបាននោះ ខ្ញុំសូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅពោរពេញដោយក្តីសោកសៅបំផុតជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ហេង ស៉ីវ៉ារ៉ូ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ»៕