(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង ៦ បានរាយការណ៍ដោយសង្ខេបជាបន្តបន្ទាប់ស្តីពីស្ថានភាពបុគ្គលិកមន្ត្រីរាជការ ការងារដឹកនាំ ការងារសហប្រតិបត្តិការ ការព្យាករធាតុអាកាសក្នុងតំបន់ជាប្រចាំ និងបញ្ហាដែលបានជួបប្រទះ ព្រមទាំងលទ្ធផលការងារថែទាំនិងជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនាឆ្នាំ២០២៣កន្លងទៅរបស់មន្ទីរតាមខេត្តនីមួយៗ ផងដែរ។

ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រីបានបង្ហាញនូវក្តីសោមនស្សរីករាយដែលមានឱកាសបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ដោយផ្ទាល់នៅពេលនេះ ដើម្បីបង្កើននូវភាពស្និទ្ធស្នាល កាត់បន្ថយគម្លាតរវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងស្តាប់នូវរបាយការណ៍ផ្ទាល់មាត់ និងបញ្ហាប្រឈមដែលកើតមានឡើង និងជាឱកាសសម្រាប់មន្ទីរនីមួយៗ អាចផ្លាស់ប្ដូរបទពិសោធន៍ និងចែករម្លែកចំណេះដឹងគ្នាទៅវិញទៅមក។

លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ជាពិសេសកិច្ចអន្តរាគមន៍នៅរដូវប្រាំងកន្លងមកលើការផ្តត់ផ្គង់ទឹកសម្រាប់ស្រោចស្រពវិស័យកសិកម្ម និងទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗ ប្រកបដោយអត្ថន័យខ្លឹមសារជាគន្លឹះ ដើម្បីអនុវត្តការងារបន្តឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់របស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតម្រូវការធនធានមនុស្សចាំបាច់ក្នុងការអនុវត្តការងារ ជាពិសេសជំនាញជលសាស្ត្រ ជំនាញធារាសាស្ត្រ និងជំនាញឧតុនិយម ដើម្បីឆ្លើយតបនឹងការងារនាពេលអនាគតសម្រាប់បម្រើឱ្យអន្តរវិស័យ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់ និងភាពចាំបាច់នូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន កិច្ចសហការរវាងមន្ទីរពាក់ព័ន្ធ ដោយបានបង្កើតជាក្រុមការងារតូចៗ មានដូចជា៖

* ១៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ
* និង២៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការរួមគ្នាដោះស្រាយបញ្ហាទូទៅពាក់ព័ន្ធនឹងវិស័យកសិកម្ម និងវិស័យទឹកស្អាតជាដើម។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលរវាងលោករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ បានបញ្ចប់ទៅប្រកបដោយអត្ថន័យ និងខ្លឹមសារ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយសំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ក្រោមបរិយាកាសរីករាយ និងសិ្នទ្ធស្នាលបំផុត៕