(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សុខ សាគុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បាននៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តទី៤ ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍ជាតិ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងអង្គបោះឆ្នោតអ្នកបោះឆ្នោតទាំងអស់ ដែលបានចូលរួមសហការអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ជាហេតុធ្វើឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ នៅក្នុងក្របខ័ណ្ឌខេត្តស្វាយរៀង ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ក្នុងដំណើរការបោះឆ្នោតអសកលទាំងពីរនេះ។
លោកបន្តែមថា ឆ្លងតាមការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ (សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា) និងថ្នាក់ក្រោមជាតិ (សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ) បានផ្ដល់មេរៀន និងបទពិសោធន៍ជាច្រើនសម្រាប់យើងទាំងអស់គ្នា នោះគឺ «សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការអភិវឌ្ឍសង្គម» ជាដំណើរការមួយដែលមានទំនាក់ទំនងផ្សារភ្ជាប់គ្នា និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ សម្រាប់សេចក្ដីថ្លៃថ្នូរ ភាពរុងរឿង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ និងប្រជាជន៕