(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ជូនសិស្សានុសិស្សសិក្សារៀនសូត្រនៅក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាលស្រុក ក៏បានណែនាំដល់នាយក នាយិកា លោកគ្រូ  អ្នកគ្រូ និងថ្នាក់ដឹកនាំឃុំត្រូវមានទស្សនៈវែងឆ្ងាយក្នុងការដឹកនាំ និងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនឱ្យមានការរីកចម្រើនព្រមទាំងឆ្លើយតបទៅនឹងតម្រូវការវែងឆ្ងាយ ហើយត្រូវមានផែនការមេច្បាស់លាស់ ជាពិសេសត្រូវមានផែនការសកម្មភាព ដើម្បីអនុវត្តព្រមទាំងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនិងជាដំណាក់កាលផងដែរ។

ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់លោកនាយក នាយកាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ខិតខំធ្វើសួនច្បារឱ្យបានខៀវបំព្រង នៅតាមសាលារៀនរបស់ខ្លួន ជាផ្នែកមួយនៃការលើកសោភ័ណភាពបរិស្ថាន និងឆ្លើយតបទៅនឹងកំណើនកម្ដៅបរិយាកាសសកលផងដែរ។

លើសពីនេះទៀត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយក មាតិកា សហគមន៍ អាណាព្យាបាល ត្រូវនាំគ្នាបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សនិងកូនចៅរបស់ខ្លួនឱ្យបានល្អដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយ។

ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលឃុំ ប្រឡាយទាំងមូល ដែលបានឯកភាពគ្នាក្នុងការកសាងនូវអគារសិក្សាដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីកូនចៅបានសិក្សារៀនសូត្រជាអ្នកបន្តវេន ដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សនៅក្នុងសាលារៀនឱ្យស្របតាមនិយាម និងបង្កើនគុណភាពសិក្សាថែមទៀត។

លោក សាយ គឹមឡម បានណែនាំបន្ថែមដល់លោកមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកប្រធានមណ្ឌលសុខភាពប្រឡាយ ព្រមទាំងសហការី ត្រូវខិតខំសហការរួបរួមសាមគ្គីគ្នាក្នុងការផ្ដល់សេវាជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ និងមានសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការគាំទ្រពីពួកគាត់គ្រប់កាលៈទេសៈ។

គួរបញ្ជាក់ផងដែរថា អគារសិក្សាដែលកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះមានទំហំ ៩ម៉ែត្រគុណ នឹង៤០ម៉ែត្រ ចែកចេញជា ៥បន្ទប់ ដោយចំណាយថវិកាសរុប ៤១៩,៤២០,០០០រៀល ជាថវិកាមូលនិធិឃុំឆ្នាំ២០២៣៕