(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង រួមជាមួយគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមការងារកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ០២ខ្នង ទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ០២បង្គន់ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារក្រីក្រចំនួន ០២គ្រួសារ រស់នៅឃុំក្រញូង និងឃុំស្មោងខាងជើង ស្រុកកំចាយមារ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ ក៏មានការផ្តល់ជូននូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃបន្ថែមមួយចំនួនទៀត ដោយក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ វិទ្យុ ១គ្រឿង កន្ទេល ចំនួន១ ឃីត១កញ្ចប់ ត្រីខ១យួរ មី១កេស ច្រាស់ដុះបង្គន់ចំនួន១ បោយទឹក ចំនួន១ សាប៊ូម្សៅ ១កញ្ជប់ និងថវិកាលើកទឹកចិត្ត ចំនួន ១០០,០០០រៀល៕