(កណ្ដាល)៖ ក្រុមក្មេងទំនើង៦នាក់ ដែលនាំគ្នាបង្ហោះម៉ូតូឆ្វេចឆ្វាចលើផ្លូវសាធារណៈ បង្កចលាចលនៅស្រុកអង្គស្នួល ត្រូវបាននគរបាលតាមចាប់ខ្លួនបាន ហើយឃុំខ្លួន៣៦ម៉ោង ដោយគ្រាន់តែអប់រំ រួចអនុញ្ញាឱ្យទៅផ្ទះវិញ។

ក្មេងទំនើងទាំង៦នាក់នេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងនៅចំណុចផ្លូវបេតុងក្នុងបុរី HM ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្មេងទំនើងទាំង៦នាក់នេះ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ផេង ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ
*ទី២៖ ឈ្មោះ ប៉ែន រិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ
*ទី៣៖ ឈ្មោះ គា គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ
*ទី៤៖ ឈ្មោះ សឿន រ៉ាយុទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ
*ទី៥៖ ឈ្មោះ លី រាជសី ភេទប្រុស អាយុ១៥ឆ្នាំ
*ទី៦៖ ឈ្មោះ ពន្លឺ វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ។

តាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើកម្លាំងប៉ុស្ដិ៍ក្រាំងម្កាក់ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញល្បាតនៅក្នុងភូមិសាស្ដ្រ ហើយទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុ មានបក្ខពួកជនសង្ស័យចំនួន០៦នាក់ ជិះម៉ូតូចំនួន០៤គ្រឿង និងបានធ្វើសកម្មភាពបង្ហោះម៉ូតូ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនសង្ស័យចំនួន៦នាក់រួមទាំងមធ្យោបាយម៉ូតូបួនគ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច បក្ខពួកជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថាពួកខ្លួនបានបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន ហើយពួកខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូបានបីលើកមកហើយ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងធ្វើការអប់រំរយៈពេល៣៦ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត៕