(ភ្នំពេញ)៖ លោក ម៉េត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមាន លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទាផងដែរ។

អនុស្សារណៈនៃការយោគយល់គ្នារវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) នឹងផ្ដល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរួម និងជួយសម្រួល ក៏ដូចជាពង្រឹងកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរក្នុងវិស័យពិការភាព ជាពិសេសការលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយជាតិដែលគាំទ្រដល់បរិយាបន្នពិការភាព ការលើកកម្ពស់សិទ្ធិ និងការចូលរួមប្រកបដោយអត្ថន័យរបស់ជនមានពិការភាពក្នុងប្រទេសកម្ពុជា។

UNDP កំពុងតែអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (Accelerating Disability Rights in Cambodia-ADRC) របស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងពាក់ព័ន្ធ ដោយផ្តោតលើការកែទម្រង់លើលិខិតបទដ្ឋានគតិយុត្ត ការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធពាក់ព័ន្ធ នៃក្រសួងស្ថាប័នពាក់ព័ន្ធ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀតនេះ UNDP បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការ (១). កសាង កែសម្រួល និងជំរុញការអនុវត្តលិខិតបទដ្ឋានជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនឹងការងារពិការភាពនៅកម្ពុជា (២). កែទម្រង់ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធ និងយន្តការនានារបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ៕