(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នារសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានសហការរៀបចំកិច្ចប្រជុំ ធ្វើវឌ្ឍនភាពសង្ខេប ស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា និងភាពជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅ សាកលវិទ្យាល័យ De Montfort ស្ថិតក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកអគ្គរាជ/រដ្ឋទូត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពសង្ខេបជូនដៃគូអភិវឌ្ឍន៍ ស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា និងភាពប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ឱ្យដឹងថា៖

១៖ ស្ថានភាពសកម្មភាពមីននៅកម្ពុជា

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានចាត់ទុកវិស័យសកម្មភាពមីន ជាផែនការអាទិភាព និងដាក់បញ្ចូលជាធាតុមួយយ៉ាងសំខាន់ ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់អាណត្តិ។

រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៣០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។ ចំនួនជនរងគ្រោះ បានកាត់បន្ថយពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣ និងក្រោម១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។ សមិទ្ធផលជាប្រវត្តិសាស្រ្តនៃវិស័យសកម្មភាពមីននៅកម្ពុជានេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាតិមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯនជន និងសប្បុរសជននានា។ ទោះបីកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងក៏ដោយ កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ក្នុងការដោះស្រាយការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមមាន អូស្ត្រាលី អូទ្រីស បែលហ្សិក កាណាដា ចិន ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុងគ្រី ឥណ្ឌា អៀរឡង់ ជប៉ុន ហូឡង់ នូវែលសេឡង់ ន័រវែស សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស៊ុយអែត ស្វីស ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងចំណោមប្រទេសដទៃទៀត អង្គការសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សំខាន់ៗដទៃទៀត ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌នៅកម្ពុជា។

២. ភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤

ក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ បានជម្រាបអង្គប្រជុំថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាត្រូវបានជ្រើសរើសជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន” ដែលជាប្រវត្តិសាស្ត្រដំបូងគេសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។ ក្នុងនាមកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ កម្ពុជាបានប្តេជ្ញាចិត្តចំពោះអាទិភាពសំខាន់ៗចំនួនបី រួមមាន ការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញា ការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។

រយៈពេលជាង ៦ ខែ នៃភាពជាប្រធាន កម្ពុជាបានដឹកនាំកិច្ចប្រជុំសំខាន់ៗនៃគណៈកម្មការរបស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញសកលភាវូបនីយកម្ម លើកកម្ពស់បទដ្ឋានអនុសញ្ញា និងការកៀរគរធនធានដើម្បីគាំទ្រដល់ការអនុវត្តគោលបំណងរបស់អនុសញ្ញា។ សម្រាប់សកម្មភាពសកលភាវូបនីយកម្ម កម្ពុជា បានកំណត់គោលដៅប្រទេសចំនួន ០៤ រួមមាន ឡាវ តុងហ្កា មីក្រូណេស៊ី និងកោះម៉ាស្យល ដើម្បីកៀរគរឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ២០២៤ ហើយកម្ពុជា បានធ្វើឡើងតាមរយៈជំនួបទ្វេភាគី ទំនាក់ទំនងការទូត កំណត់ទូត វេទិកាកោះប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម។

ជាមួយគ្នានេះ ដោយមានការគាំទ្រពី អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា និងធាតុចូលពីគណៈកម្មការនានានៃអនុសញ្ញានេះ កម្ពុជាបានរៀបចំសេចក្តីព្រាងនៃឯកសារពិនិត្យឡើងវិញផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ ដើម្បីផ្សព្វផ្សាយដល់រដ្ឋភាគី។ បន្ថែមលើនេះ កម្ពុជាបានដឹកនាំការចាប់ផ្តើមដំណើរការរៀបចំឯកសារផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ និងសេចក្តីថ្លែងការណ៍នយោបាយ សម្រាប់រដ្ឋភាគីផងដែរ។
នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤នេះ លោកបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងដឹកនាំកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗទាំងបីខាងលើ ដែលនឹងត្រូវដាក់ជូនការិយាល័យកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលាឆ្នាំនេះ។

ដោយឡែក ក្នុងតួនាទីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបង្កើតឱ្យមានគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលព្រឹត្តិការណ៍នេះ ហើយគណៈកម្មការអន្តរក្រសួងនេះ មានអនុគណៈកម្មការ និងលេខាធិការដ្ឋានជាជំនួយការ។ កម្ពុជា បាននិងកំពុងរៀបចំយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ក្នុងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីជុំវិញពិភពលោក និងដំណើរការនៃកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ នាខែវិច្ឆិកា ខាងមុខនេះ។

មុននឹងបញ្ចប់ តាងនាម សម្ដេចធិបតី នាយករដ្ឋមន្ត្រី លោកបណ្ឌិត លី ធុជ បានអំពាវនាវប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ បន្តផ្តល់ភាពជាដៃគូ ដូចខាងក្រោម ៖

* គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កម្ពុជា ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
* គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកាតព្វកិច្ចក្រោមក្របខណ្ឌអនុសញ្ញាអូតាវ៉ា
* គាំទ្រ និងចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ជាចុងបញ្ចប់ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានរួមចំណែកជាមួយកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ រួមមាន កាណាដា ចិន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលហ្សេឡង់ UNDP បារាំង ន័រវេស ស្វីស និងសហគមន៍អឺរ៉ុប៕