(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានផលិតផលជំនួយសុខភាពឈ្មោះ Mentopas គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារកម្ពុជា ដែលមានលក្ខណៈស្រដៀងនឹងផលិតផលជំនួយសុខភាពដែលកំពុងចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd. ដូចមានរូបភាពភ្ជាប់មកជាមួយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទនៅកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទត្រូវពិនិត្យមើលលតាបត្របញ្ញិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១៖ ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២៖ ផ្នែកខាងក្រោមមានលេខបញ្ញិកាដូចមានគំរូភ្ជាប់មកជាមួយ។

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលជំនួយសុខភាពដែលគ្មានលេខបញ្ញិកាខាងលើជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ ផលិតផលជំនួយសុខភាពនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ផលិតផលជំនួយសុខភាពគ្មានលេខបញ្ញិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់
ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕