(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានតំណាងប្រជាពលរដ្ឋ (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់) ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដើម្បីបន្តដឹកនាំរាជធានីភ្នំពេញ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

លោកបន្ដថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខ សម្រាប់ការបោះឆ្នោតនានាកន្លងមកនេះ។

បើតាមលោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល, ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតចំនួន២០ដងរួចមកហើយ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់ អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យមានការរីកចម្រើន សំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

លោកអះអាងថា ផ្អែកតាមលទ្ធផលជាផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានចំនួនសរុប៤,២០០រូប ក្នុងនោះ ក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៥៥៩រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន ៣៦៤១រូប។ ដោយឡែក សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មានសមាជិកក្រុមប្រឹក្សា ចំនួន២៧នាក់ ដែលត្រូវប្រកាសឲ្យចូលកាន់តំណែងនាឱកាសនេះ។

យោងតាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្អែកតាមបទពិសោធន៍ ក្នុងអាណត្តិទី១ និងអាណត្តិទី២ កន្លងទៅគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ បានខិតខំពុះពាររួមគ្នា ជម្នះរាល់ការលំបាក ដោះស្រាយបញ្ហាប្រឈម និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដោយបានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាទៀងទាត់ ចំនួន៥៥លើក, វិសាមញ្ញ ៣លើក, សម្ងាត់ ៧លើក និងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សារាជធានី ចំនួន ៤៣៥លើក ក្នុងនោះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានចេញដីកាចំនួន១,៤៥១ច្បាប់, សេចក្តីសម្រេចចំនួន១,៦៣៩ច្បាប់ និងលិខិតរដ្ឋបាលទូទៅ១០៨,៤៣៤ច្បាប់។

រដ្ឋបាលរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ ការកែលម្អសួនច្បារសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាច្រើនទៀត ព្រមទាំងការគិតគូរទុកជាមុន អំពីយន្តការឆ្លើយតប ចំពោះគ្រោះមហន្តរាយ ជំងឺកូវីដ១៩ និងជំងឺឆ្លងរាតត្បាតកាចសាហាវដែលអាចកើតមានជាយថាហេតុ។ គម្រោងសកម្មភាពនៃកម្មវិធីវិនិយោគមានថវិកាគាំទ្រ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សរុបមានចំនួន៤៥១គម្រោង៕