(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ឥទ្ធិពលរបស់សារព័ត៌មាន ប្រៀបបាននឹងអំណាចទី៤ ដែលអាចខ្លាំងស្មើទៅនឹងគ្រាប់បែកបរមាណូ ពីព្រោះអាចកែប្រែផ្នត់គំនិតរបស់មនុស្សបានលឿនបំផុត ស្របពេលការរីករាយភាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត (AI)។

ការថ្លែងបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិតអញ្ជើញចូលរួមបិទកម្មវិធីសិក្ខាសាលាបណ្ដុះបណ្ដាលព័ត៌មានមេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ ក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ នៅរាជបណ្ឌិត្យសភាកម្ពុជា។

អ្នកជំនាញខាងភូមិសាស្ត្រនយោបាយរូបនេះ បានបន្តថា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ តំបន់អាស៊ានបានផ្តោតលើអក្ខរកម្មឌីជីថល ការត្រួតពិនិត្យរកព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល ការបង្កើតក្រុមការងារ និងកម្មវិធីដូចជា កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន និងគំនិតផ្តួចផ្តើមនានាដូចជាបណ្តាញត្រួតពិនិត្យព័ត៌មានពិតអាស៊ានជាដើម។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា៖ លោកធ្លាប់បានស្ដាប់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្ដេចធ្លាប់បានថ្លែងថា សង្គ្រាមគឺកើតចេញពីផ្នត់គំនិតមនុស្ស ដែលផ្នត់គំនិតមនុស្សនេះហើយបង្កើតឱ្យមានបន្ទុះសារាយ ហើយសារព័ត៌មានបានយកផ្នត់គំនិតនោះទៅសាបព្រោះ ទៅបំភាយឱ្យខ្លាំងលឿនរហ័សមែនទែន ដោយលោកសូ​មវាយតម្លៃថាឥទ្ធិពលសារព័ត៌មាននេះគឺខ្លាំងពិតមែន ប្រៀបបាននឹងអំណាចទី៤ ដែលអាចខ្លាំងស្មើទៅនឹងគ្រាប់បែកបរមាណូ ពីព្រោះអាចកែប្រែផ្នត់គំនិតរបស់មនុស្សបានលឿនបំផុត។

លោកបានបន្តថា មែនទែនទៅឌីជីថល និង AI មនុស្សជាអ្នកបង្កើត ប៉ុន្តែពេលខ្លះមនុស្សក៏ពិបាកនឹងតាមទាន់បច្ចេកវិទ្យាទាំងនេះដែរ ប៉ុន្តែជាសង្គម ជាប្រទេស ជាស្ថាប័ន ត្រូវតែតាមទាន់បច្ចេកវិទ្យា ហើយអាចគ្រប់គ្រងបានថែមទៀត បើមិនដូច្នេះទេនឹងក្លាយជាសង្គម ឬពិភពលោកដែលត្រូវបានអុកឡុកដោយ AI ជាក់ជាមិនខាន។

ជាមួយគ្នានេះ លោកបណ្ឌិត បានបន្ថែមថា៖ «យើងដឹងហើយថា យុគសម័យនេះ គឺជាយុគសម័យនៃបច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត (AI) ហើយដែលគ្មានអ្នកណាមួយដែលអាចគេចបាននោះទេ រួមទាំងខ្ញុំផងដែរ បើយើងចង់គេច AI ឬឌីជីថល គឺមានន័យថាយើងរស់ក្រៅសម័យកាលហើយ អីចឹងត្រូវតែទទួលយក យើងត្រូវបង្កើតធាតុផ្សំជាមួយវា ហើយអាចនៅជាមួយវាបាន ហើយគ្រប់គ្រងវាបាន»

បន្ថែមពីនេះ លោកបណ្ឌិត បានបង្ហាញការឯកភាពចំពោះពាក្យដែលលើកឡើងថា «សារព័ត៌មានជាឧបករណ៍នយោបាយ» ដែលនេះគឺជាការពិតមួយមិនអាចប្រកែកបាន។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ទោះជាយ៉ាងណា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតផងនោះ មាតិកាព័ត៌មាន និងដំណឹងជាច្រើនត្រូវបានបង្កើតឡើងដោយមជ្ឈដ្ឋាន និងភាគីនានានៅក្នុងចេតនាផ្សេងៗ ជាហេតុធ្វើឱ្យព័ត៌មានក្លែងបន្លំ ព័ត៌មានក្លែងក្លាយ និងព័ត៌មានប្រតិដ្ឋជាដើម បានរីកសាយភាយជាបន្តបន្ទាប់ជាមួយគ្នាផងដែរ។
ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យសារព័ត៌មានវិជ្ជាជីវៈ ត្រូវខិតខំពង្រឹងគុណភាពនិងដំណើរការរបស់ខ្លួន ឱ្យបានលឿនរហ័ស និងដោយប្រសិទ្ធភាពពេញលេញ ដើម្បីចូលរួមចំណែកមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំពុល ឬព័ត៌មានមិនផ្លូវការនានាដែលគ្មានវិជ្ជាជីវៈ ឱ្យសាបរលាបទៅតាមពេលវេលា។

លោកបណ្ឌិតបានបន្ថែមទៀតថា ដោយសារតែការរីកចម្រើននៃឌីជីថល និងបញ្ញាសិប្បនិម្មិត គេអាចបំពុលសង្គមបានដោយងាយ និងរហ័សបំផុត ដែលបញ្ហានេះទាមទារឱ្យមានការប្រយុទ្ធប្រឆាំងឱ្យបានពេញលេញពីគ្រប់មជ្ឈដ្ឋាន និងភាគីពាក់ព័ន្ធ៕